(ព្រះសីហនុ)៖ លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យគោលដៅដើមទីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងថា យោងតាមផែនការលេខ ០៣៥ផ.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការពង្រឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងផ្អែកតាមសេចក្តីណែនាំលេខ០៣៦សណន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃស្តីពី ការជំរុញ ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទិសដៅភារកិច្ចឆ្នាំ២០១៥ ក្នុងខែមករា ឆ្នាំ២០១៦ បានត្រួតពិនិត្យរថយន្ត ឆ្លងកាត់ចេញចូលកំពង់ផែបានចំនួន១៤៤៥គ្រឿង ស្មើនិង៣៤ក្រុមហ៊ុន ហើយរកឃើញកំហុសនៅសល់ប្រហែល ១% ប៉ុណ្ណោះ ។
តាមលទ្ធផលនេះបានបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញនិមួយៗ និងអ្នកបើកបរបានចូលរួមប្រតិបត្តិតាមច្បាប់ បានល្អត្រឹមត្រូវភាគច្រើន។ លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ ក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងឯកជនត្រូវមានការណែនាំ ជាប្រចាំដល់អ្នកបើកបរអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំណែកអ្នកបើកបរក៏ត្រូវពិនិត្យឯកសាររថយន្ត ប្រព័ន្ធហ្រ្វាំង សំបកកង់ ភ្លើងបំភ្លឺ ភ្លើងសញ្ញា កញ្ចក់ត្រីកោណ គន្លឹះសុវត្ថិភាពកុងតឺន័រ ការផ្ទុកកុងតឺន័រពុំត្រឹមត្រូវ ការប្តូររ៉ឺម៉ក់ត្រូវបំពាក់ភ្លើង ត្រូវចុះបញ្ជីរ៉ឺម៉ក់បំពាក់ ស្លាកលេខ។
ការប្រើប្រាស់ផ្លូវត្រូវពិនិត្យស្ថានភាពផ្លូវត្រូវពិនិត្យផ្លាកសញ្ញា ត្រូវមានការប្រុងប្រយ័ត្ន កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង កុំជែងក្នុងស្ថានភាពគ្រោះថ្នាក់ កុំបើកបរហួសល្បឿនកំណត់ ការចុះឡើងចំណោទត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះអធ្យាស្រ័យ យោគយល់ និងមានសីលធម៌ក្នុងការបើកបរដើម្បីឲ្យក្លាយទៅជាអ្នកបើកបរអាជីពប្រកបដោយវិជ្ជាជីវៈត្រូវគោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដែលមានការពិន័យធ្ងន់ធ្ងរជាពិសេសត្រូវចាំអនុសាសន៍ សម្តេចនាយករដ្ឋមន្រ្តី «ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍»។
លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ ក៏បានបញ្ជាក់ថា ក្រុមការងារ និងចាប់ផ្តើមពិនិត្យ និងផាកពិន័យឡើងវិញ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ ៕