(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះទៅពង្រឹងក្រុមម៉ូតូអន្តរាគមន៍ ព្រមទាំងសម្ភារ និងអារងារជូនដល់កងកម្លាំងនគរបាល ទាំងអស់ដែលជាអំណោយរបស់លោក ស សុខា តំណាងរាស្រ្តវ័យក្មេង និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់ជូនកាលពីពេលថ្មីៗកន្លងទៅនោះ។
កម្លាំងនគរបាលម៉ូតូល្បាត នៅពេលយប់ទាំងអស់ មកពីការិយាល័យកណ្តាលព្រហ្មទណ្ឌ កណ្តាលប្រឆាំងបទល្មើស, អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍រដ្ឋបាល ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ នៅចំពោះកងកម្លាំងរបស់ខ្លួន លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការបន្ថែមទៀត និងណែនាំត្រូវចុះល្បាតជាប្រចាំ តាមមូលដ្ឋានដើម្បីទប់ស្កាត់ និងជួយអន្តរាគមន៍ភ្លាមៗ នៅពេលដែលមានបទល្មើសអ្វីមួយកើតឡើង។
សូមបញ្ជាក់ថា តំណាងរាស្រ្តវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជន ខេត្តព្រៃវែងផងនោះ បានផ្តល់សម្ភារមួយចំនួនជូនដល់ កងកម្លាំងនគរបាល ផ្នែកអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញភារកិច្ច កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង លើការរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន លើទឹកដីខេត្តទេសចរណ៍ដ៏ មានសក្តានុពលមួយនេះ។
សម្រាប់សម្ភារជូនដល់កងកម្លាំង នគរបាលខេត្តព្រះសីហនុរួមមាន បូស្ពាយចំនួន៥០ ស្រោមអាវុធខ្លី៥០ ខ្សែរក្រវាត់៥០ និងពិលឆក់ចំនួន១០។ ជាការឆ្លើយតប ចំពោះអំណោយជាសម្ភារទាំងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា «តាងនាមខ្ញុំបាទតំណាង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសហការីខ្ញុំបាទ មានកិតិ្តយសសូមគោរពថ្លែងអំណរគុណ ដោយស្មោះស្ម័គ្រ ចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរសធម៌ របស់ឯកឧត្តម ដែលបានជួយឧបត្ថម្ភ សម្ភារសម្រាប់ក្រុមនគរបាលអន្តរាគមន៍ របស់ស្នងការដ្ឋាន នគរបាលខេត្តខ្ញុំបាទ។ ខ្ញុំបាទសន្យាថា នឹងពាំនាំនូវអំណោយទាំងនេះ ឲ្យដល់ដៃ ប្រតិ្តបត្តិករ ដើម្បីជាប្រយោជន៍ ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់សង្គម ទូទាំងខេត្ត និងបន្តអនុវត្តនូវគំរូសិល្បៈចែករំលែកនេះ ជាប្រពៃណីឲ្យដល់ថ្នាក់ក្រោមឱវាទ»៕