(បាត់ដំបង)៖ ស្បៀងអាហារជាច្រេីន ត្រូវបានសមាជិកសភានាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
ស្បៀងអាហារទាំងត្រូវបានទៅចែកជូនដោយលោក ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន រួមដំណើរដោយ លោក នី កន ទីប្រឹក្សាក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកសំពៅលូន លោក ឈាង គ្រីស្តុហ្វ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាតំណាងលោកស្រី កែ សួនសុភី ស សុខា នៃក្រុមហ៊ុន GFX Investment និងលោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន លោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូន រួមជាមួយសមាជិក សមាជិកាក្រុមការងារចុះជួយស្រុកសំពៅលូន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១១៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិឈើទាល ៥០គ្រួសារ ស្ថិតក្នុងឃុំសិរីមានជ័យ និងភូមិអូរចំណិត ៦៥គ្រួសារ ក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ឈាង វុន ក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលទោះបីជាសម្តេចទាំងបួនរវល់ក្តី សម្តេចតែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដែលពេលនេះបងប្អូនជួបប្រទះនូវគ្រោះធម្មជាតិ។
លោក បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុក អំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម លោក បានចុះមកដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខ និងនាំយកអំណោយទាំងនេះ អាចជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានមួយរយ:ពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាលទុក្ខលំបាកបងប្អូនបានមួយគ្រា។
លោក បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះនោះថា សម្តេចតែងតែបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់ដាច់បាយ និងប៉ះពាល់ដល់អាយុជីវិតឡើយ។
ជាមួយគ្នានេះដែរ លោក ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងនិងបន្តជាប់ៗគ្នាច្រើនម៉ោង បានបង្កឱ្យមានជំនន់ទឹកភ្លៀង ធ្វើឱ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ភោគផលដំណាំ សត្វពាហនៈ និងបំផ្លេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន សាលរៀន និងវត្តអារាម នៅក្នុងឃុំមួយចំនួនក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង។
អំណោយដែលចែកជូនបងប្អូនរងផលប៉ះពាលដោយទឹកជំនន់ចំនួន១១៥គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ ២៥គីទ្បូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១០កំប៉ុង ថវិកា ២មុឺនរៀល ប្រជាពលរដ្ឋក្រីក្រ២៥នាក់ ក្នុងម្នាក់ៗថវិកា២មុឺនរៀល ប្រជាការពារ និងកម្លាំងប៉ូលីស ៣១នាក់ ក្នុងម្នាក់ៗ ថវិកា២មុឺនរៀល ៕