(ព្រះវិហារ)៖ ស្ថានភាពទឹកដងស្ទឹងសែនខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បន្តហក់ឡើងខ្លាំងរហូតកម្ពស់ ១១.៥៨ម៉ែត្រ លើសកម្រិតត្រូវប្រកាសអាសន្ន គឺត្រឹម១១.៥០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិច។
ជាមួយនឹងការហក់ឡើងខ្លាំង នៃកម្ពស់ទឹកដងស្ទឹងសែនលើសកម្រិតប្រកាសអាសន្ន នៅព្រឹកថ្ងៃនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង ដល់ទីតាំងមួយចំនួនតាមឃុំស្រុក ដែលកំពុងប្រឈម និងដាក់បទបញ្ជាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រៀមមធ្យោបាយជួយអន្តរាគមន៍សង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
លោកអភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានឃ្លាំមើលស្ថានភាពទឹកនៅតាមតំបន់របស់ខ្លួន គ្រប់ពេលវេលា និងរាយការណ៍ឲ្យបានឆាប់បំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកជាមុន កុំឲ្យមានការបាត់បង់ខូចខាត ទ្រព្យសម្បត្តិ និងរងគ្រោះថ្នាក់ផ្សេងៗទៀតដោយទឹកជំនន់។
ដោយឡែក លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថា កម្លាំងនគរបាលទាំងអស់ទូទាំងខេត្តព្រះវិហារ បានត្រៀមលក្ខណៈរួចរាល់ ទាំងមធ្យោបាយ និងសម្ភារត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់កើតមានឡើង ក្នុងទិសដៅមិនឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដោយទឹកជំនន់នោះទេ៕