(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារ រស់នៅក្នុងខេត្តកំពង់ស្ពឺ ទទួលបានអំណោយសរុបជាង១ម៉ឺនដុល្លារពីលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងជាថៅកែហាងពេជ្រ «ដាណា លក់គ្រឿងអលង្កា» និងលោក ហ៊ីង បញ្ញារិទ្ធ ជាស្វាមី។ អំណោយសរុបជាង១ម៉ឺនដុល្លារ បានប្រគ់ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
អំណោយដែលលោកស្រី និងស្វាមី យកមកប្រគល់ដើម្បីចូលរួមចំណែកជួយជនរងគ្រោះ ដោយទឹកជំនន់ នាពេលនេះ រួមមាន៖ អង្ករ ចំនួន១០តោន, ត្រីខកំប៉ុងចំនួន៥០០យួរ, ទឹកស៊ីអ៊ីវ ចំនួន៥០០យួរ, មី ចំនួន៣៦០កេស សរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ។ ជាមួយគ្នានោះលោកស្រី និងស្វាមី ក៏បានចែកថវិកាដោយផ្ទាល់ជូនជនរងគ្រោះដោយទឹកជំនន់នៅតាមផ្ទះ ជាច្រើនគ្រួសារទៀតផងដែរ។
លោកស្រី បន្ថែមថា ការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នឹងនៅមានជាបន្តបន្ទាប់ទៀត នៅតាមបណ្តាខេត្ត ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។
លោកស្រី ទ្រី ដាណា បានលើកឡើងថា នេះជាខេត្តទី៣ ហើយ ដែលលោកស្រី និងស្វាមី បានយកអំណោយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយលើកទី១ គឺនៅក្នុងខេត្តពោធិ៍សាត់ គឺអំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិក, លើកទី២នេះ ក្នុងខេត្តបាត់ដំបង អំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិក, និងលើកទី៣នេះ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានអំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិកដូចគ្នា។
អគ្គិនាយិកា ទ្រី ដាណា ក៏បានថ្លែងអំណរគុណ ដល់អភិបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ៕