(ឧត្តរមានជ័យ)៖ ឃ្លីបវីដេអូដែលមាន រយៈពេលជិត៥នាទី ថតពីសកម្មភាពប្រជាពលរដ្ឋក្រីក្រ ស៊ីឈ្នួលអូសរទេះដឹកទំនិញ កំប៉ិកកំប៉ុក ឆ្លងកាត់មាត់ច្រកទ្វារព្រំដែនអន្តរជាតិ ជាំស្រងាំនាំគ្នាប្រតិកម្មទៅនឹងមន្ត្រីគយ ប្រចាំមាត់ច្រកនេះ ចាប់ទំនិញរបស់ ពួកគាត់ដុតកំទេចចោល ធ្វើឲ្យពួកគាត់នាំគ្នាទឹកភ្នែក ព្រោះតែគ្មានលុយសងម្ចាស់ទំនិញ ដែលជាជនជាតិថៃ ហើយមន្ត្រីគយ ដែលជាអ្នកប្រព្រឹត្ត ព្យាយាមគេចវេសនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យប្រិយមិត្តអ្នកលេង Facebook នាំគ្នាប្រតិកម្មចុច Like , Comment និង Share ជាង១៧០០។
ឃ្លីបវីដេអូនេះ អ្នកបង្ហោះមិនបានប្រាប់ពីពេលវេលា ថ្ងៃកើតហេតុនោះឡើយ ដោយគេគ្រាន់តែដឹងម្ចាស់គណនី Facebook មួយបង្ហោះឡើងកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅនេះ ដោយអះអាងថា ករណីនេះកើតឡើង នៅមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំ ស្ថិតក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ គេមិនបានបង្ហាញថា ទំនិញដែលគយចាប់ដុតចោលនោះជាប្រភេទទំនិញអ្វីពិតប្រាកដនោះឡើយ។ ជាទំនិញល្មើសច្បាប់ ឬជាទំនិញនាំចូលមិនបង់ពន្ធ ក៏គេមិនបានបញ្ជាក់ឲ្យច្បាស់នោះដែរ គ្រាន់តែគេអះអាងថាជាទំនិញប្រភេទនំត្រូវប្រជាពលរដ្ឋខ្មែរ ដែលជាកម្មករស៊ីឈ្នួលអូសតាមរទេះ ឆ្លងកាត់ព្រំដែនមានចំនួន៣ទៅ៤បេ (ការ៉ុង)។ ប៉ុន្តែតាមសំដីបងប្អូនអ្នកអូសរទេះ បាននិយាយថាគយមានចំណាត់ការលំអៀង គាត់ដឹកតាមរទេះ៣-៤បេ ចាប់ដុតចោល បែរជាគេដឹកចូលទាំងឡានៗមិនព្រមចាប់...។
ពាក់ព័ន្ធឃ្លីបវីដេអូខាងលើ នៅព្រឹកថ្ងៃទី៤ ខែកុម្ភះនេះ Fresh News មិនអាចធ្វើការទាក់ទង ដើម្បីសាកសួរព័ត៌មានឲ្យបានលំអិតពីភាគី ប្រជាពលរដ្ឋជាម្ចាស់ទំនិញ និងមន្ត្រីគយនៅមាត់ច្រកទ្វារអន្តរជាតិជាំស្រងាំបានឡើយ។
ខាងក្រោមនេះជាឃ្លីបវីដេអូ ដែលគេថតបង្ហោះនៅតាម Facebook ដែលនាំឲ្យប្រិយមិត្តអ្នកអានជាច្រើន នាំគ្នារិះគន់ទៅលើចំណាត់ការ របស់មន្ត្រីគយដែលធ្វើបាបពលរដ្ឋ ក្រីក្រអូសរទេះដឹកទំនិញឆ្លងកាត់ព្រំដែន តែបែរជាបើកដៃឲ្យឈ្មួញធំៗ នាំចូលតាមរថយន្ត ស្រេចនឹងចិត្តទៅវិញ៖
បងប្អូនមើលចរិតមន្រ្តីគយនៅព្រំដែនខ្មែរថៃច្រកជាំស្រងាំខេត្តឧត្ដមានជយ័ធ្វើបាបប្រជាពលរដ្ឌខ្មែគ្នាឯងអីសាហាវម្លេះបងប្អូន
Posted by Sunee Love on Friday, January 29, 2016