(បាត់ដំបង)៖ ក្រុមគ្រួសារសពចំនួន ២នាក់ ដែលស្លាប់ដោយសារទឹកជំនន់ នៅស្រុកបាណន់ ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី រួមដំណើរដោយ មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានឱ្យដឹងថា ដើម្បីចូលរួមជួយរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ទាំង២នាក់ ដែលរងគ្រោះដោយសារលងទឹកស្លាប់ ទី១៖ ឈ្មោះ ងួន ស៉ីនឿត ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិកំពង់ចម្លង ឃុំឈើទាល (មូលហេតុដើរចាប់ចង្រិត ក្នុងចំការរអិលជើងចូលក្នុងស្រះ និងទី២៖ ឈ្មោះ ឈៀង រ័ត្នថេត ភេទស្រី អាយុ១១ឆ្នាំ ជាកុមារគថ្លង់ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មូលហេតុជិះកងធ្លាក់ចូលប្រឡាយ។
ក្នុងមរណៈទុក្ខដ៏ក្រៀមក្រំក្តុកក្តួលនេះ លោក ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលត្រូវបាត់បង់កូនជាទីស្រឡាញ់ស្មើរកែវភ្នែក ដែលកំពុងស្រឡាញ់ពេញបេះដូង។
ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ បានសំដែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងពេលវេលាណាមួយឡើយ និងសូមគោរពជូនពរសម្តេច មានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត។
សូមបញ្ជាក់ថា សម្ភារដែលចូលបុណ្យក្នុង១សពរួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ ១០យួរ, មី និងបច្ច័យចំនួន ៤០ម៉ឺនរៀលផងដែរ៕