(ភ្នំពេញ)៖ បក្ខពួកក្រុមចោរវាយប្លន់យកម៉ូតូ ដែលនៅសេសសល់នៅអាណាចក្រខណ្ឌឫស្សីកែវ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវតាមចាប់ខ្លួនបានបន្ថែមទៀត នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើសួនច្បារសូគីម៉ិច តាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ក្រោយពីជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើសកម្មភាព នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦កន្លងទៅ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ដួង ដាវីត ហៅ វីត អាយុ១៨ឆ្នាំ និង២ឈ្មោះហាក់ វាសនា ហៅអាង៉ោ អាយុ១៨ឆ្នាំ ពួកគេជាមុខសញ្ញាទី៦ និងទី៧ ដែលត្រូវចាប់ខ្លួន ក្រោមបទចោទប្រកាន់ពីបទផ្សំគំនិតវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងទឹកដីខណ្ឌឫស្សីកែវ កន្លងមកជាមួយនិងបក្ខពួក៥នាក់ទៀត។
បច្ចុប្បន្នជនត្រូវជាប់សង្ស័យវាយប្ល់យកម៉ូតូទាំង២នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
Posted by Fresh News Photo on Wednesday, February 3, 2016