(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស២នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់នៅថ្ងៃទី១៦ ខែតុលានេះថា មនុស្សទាំង២នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តព្រៃវែងម្នាក់ និងខេត្តកំពង់ឆ្នាំងម្នាក់(លង់ទឹកស្រះ)។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុង ក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕