(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រកាសលេខទូរស័ព្ទ២ប្រព័ន្ធ ដល់ប្រជាពលរដ្ឋទូទាំងខេត្ត សម្រាប់តេចូល ២៤ម៉ោងលើ២៤ បើសិនប្រជាពលរដ្ឋទាំងនោះ មានបញ្ហាអ្វីមួយត្រូវការឲ្យជួយដោះស្រាយ ឬត្រូវបានមន្រ្តី កងកម្លាំង ប្រដាប់អាវុធណាម្នាក់ធ្វើបាប និងគៀបសង្កត់នោះ។ ការប្រកាសដោះស្រាយបញ្ហាតាមរយៈប្រព័ន្ធទូរស័ព្ទរបស់អភិបាលខេត្តពោធិ៍សាត់ ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលលោកបានអញ្ជើញទៅសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ប្រមាណ២៨០០នាក់ ស្ថិតនៅបរិវេណវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

នៅចំពោះមុខប្រជាពលរដ្ឋអភិបាលខេត្តបានថ្លែងថា «ទូរស័ព្ទរបស់លោកទាំង២ប្រព័ន្ធ បើករង់ចាំប្រជាពលរដ្ឋ Call ចូល ២៤ម៉ោង/២៤ម៉ោង ដើម្បីឲ្យបងប្អូនផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសុខទុក្ខរបស់ខ្លួន ជាពិសេសជួយផ្តល់ព័ត៌មានក្នុងករណីដែលមានមន្រ្តី ក៏ដូចជាកងកម្លាំងដែលអនុវត្ត មិនបានត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួន កៀបសង្កត់កេងយកផលប្រយោជន៍ ពីបងប្អូនដើម្បីឲ្យខ្ញុំ ចាត់វិធានការបានទាន់ពេលវេលា»។

ទន្ទឹមនេះ លោកអភិបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជៀសឲ្យផុតពី គ្រឿងញៀន ល្បែងស៊ីសង និងគ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរ ធ្លាក់ចុះនូវ សីលធម៌ និងតម្លៃរបស់សង្គម ជាពិសេសជាប្រភពនៃបទល្មើសផ្សេងផងដែរ។ នៅក្នុងឱកាសនោះ ម៉ៅ ធនិន បានលើកឡើងថា ប្រជាពលរដ្ឋយើង កម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនសម័យមកហើយ ទាំងសម័យកាលរុងរឿង និងភ្លើងសង្គ្រាម រួមទាំងសង្រ្គាមស៊ីវិលផងដែរ។ ក្រោយពីថ្ងៃរំដោះ ៧មករា ក្រោមការដឹកនាំរបស់សម្តេចទាំងបី សម្រេចបាននូវសមិទ្ធិផល ជាប្រវត្តិសាស្រ្តជាច្រើនដូចជាៈ ការរំដោះ និងការពារការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ ប្រទេស ជាពិសេសនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពទូទាំងផ្ទៃប្រទេសជូនប្រជាពលរដ្ឋរបស់ យើង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកន្លងមក។

ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បានដឹកនាំនាវាកម្ពុជាចេញផុតពីភ្លើងសង្រ្គាម នាំមកនូវសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ជាក់ស្តែងកន្លងទៅថ្មីៗនេះ  រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធក្នុងការផ្ទេរមរតកដល់កូនចៅ ដែលទាំងនេះគឺជាការគិតគូរលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាប់ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។  

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ គឺ៖ ទី១ តួនាទីរដ្ឋបាល ក្នុងនាមជាអភិបាលខេត្ត គឺលោក មានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាអោយប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍទាំងសង្គមជាតិ និងសង្គមគ្រួសារ។ ទួនាទីទី២ គឺក្នុងនាមលោក ជាសាច់ញាតិរបស់ប្រជាពលរដ្ឋទាំង៤៧ម៉ឺននាក់ ក្នុងខេត្តពោធិ៍សាត់ ដូចនេះលោកអភិបាលខេត្ត សូមចូលរួមជាសមាជិកគ្រួសាររបស់ ប្រជាពលរដ្ឋទាំងអស់ដែលត្រូវមានភារកិច្ច ជួយចែករម្លែកនូវសេចក្តីសុខ និង ទុក្ខលំបាកជាមួយគ្នាគ្រប់ ពេលវេលា និងគ្រប់កាលៈទេសៈ។  ក្នុងពិធីនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋទាំង ២៨០០ នាក់ ក្នុងម្នាក់ៗទទួលបានសារុងចំនួន ០១។ ដោយឡែកដូនជីចំនួន ១០នាក់ ទទួលបាន ក្រណាត់ស ០១ដុំ និងថវិកា ២ម៉ឺនរៀល៕