(ពោធិ៍សាត់)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនដល់ប្រជារាស្រ្តដែលទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងសរុប ៦៤៥ គ្រួសារ រស់នៅឃុំវាល ឃុំស្វាយលួង ឃុំបញ្ជរ និងឃុំកោះជុំ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សកម្មភាពនេះមានការចូលរួមពីលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីរាជការនៃក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត ក្នុងនោះក៏មានការទទួលស្វាគមន៍ពីសំណាក់លោក ខូវ រីដា អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីរាជការក្នុងស្ថាប័នពាក់ព័ន្ធ និងប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានថ្លែងសុន្ទរកថាស្វាគមន៍ ថ្វាយព្រះពរ និងថ្លែងអំណរព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យបន្តរួមសុខរួមទុក្ខជាមួយប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ដែលកំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងដោយទឹកជំនន់នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកអភិបាលស្រុកបានរាយកាណ៍អំពីស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកកណ្តៀង គិតចាប់ពីថ្ងៃទី០៩-១៤ ខែតុលា ឆ្នាំ២០២០ មានផលប៉ះពាល់ដល់មូលដ្ឋាន ១០៣ ភូមិ ដែលមានប្រជាពលរដ្ឋ ១០,៦៣៤ គ្រួសារ មនុស្សសរុប ៤១,២៧៩ នាក់ (ស្រី ២២,១៥១ នាក់) ក្នុងនោះមានផ្ទះ ៩,៧៦៥ ខ្នង។
ជាមួយគ្នានោះ លោក គុយ សុផល បានជម្រាបពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ជូនចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គទាំងទ្វេ ខណៈព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះអង្គមានព្រះរាជហឫទ័យនឹករឭកអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូន ចៅ ចៅទួតរបស់ព្រះអង្គដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាតស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ។
ហេតុនេះហើយព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឱ្យលោក គុយ សុផល នាំមកនូវព្រះរាជអំណោយចែកជូនប្រជាពលរដ្ឋទាំង ៦៤៥ គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព។
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលលោក គុយ សុផល នាំយកទៅចែកជូនដល់ប្រជារាស្ត្រនាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០ គីឡូក្រាម ឃីត ១ កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) មីចំនួន ១ កេស ត្រីខចំនួន ១០ កំប៉ុង កៅស៊ូតង់ ១ ផ្ទាំង សាប៊ូដុំ ៥ ដុំ អាវយឺតចំនួន ១ និងថវិកាចំនួន ៤០ ម៉ឺនរៀល។
ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទានជូនប្រជារាស្រ្តនាពេលនេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិសេសអ្នកមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមគ្រប់បែបយ៉ាងទាំាំងព្រះរាជអំណោយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រះរាជអំណោយជាឧត្តមប្រយោជន៍ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្រ្តកាន់តែមានភាពល្អប្រសើឡើងជាបន្តបន្ទាប់។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕