(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ ករណីបក្សប្រឆាំងលើកឡើងអំពីបញ្ហាផែនទី និងព្រំដែន នាពេលកន្លងមក គឺដើម្បីកូរ និងបង្កបញ្ហាល្អក់កករនៅកម្ពុជា។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ទាំងសំណុំរឿងផែនទី លោក អ៊ុំ សំអាន រកនៅសហរដ្ឋអាមេរិក ក៏ដូចជាផែនទីរបស់លោក សម រង្ស៊ី យកមកនោះ សុទ្ធតែជាផែនទីមិនអាចប្រើការបាន, ហើយក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា របស់លោកសុទ្ធតែមាន អស់ផែនទីទាំងអស់នោះ។ លោកបណ្ឌិត បានហៅថា ការលើកឡើងរបស់បក្សប្រឆាំងរឿងផែនទី គឺដើម្បីកូរបញ្ហានៅកម្ពុជាតែប៉ុណ្ណោះ។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក សុខ ទូច និងក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំធ្វើសន្និសិទកាសែត បង្ហាញអំពីលទ្ធផល នៃដំណើរការទូទៅនៃការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ប្រមាណ៧ខែកន្លងមក ដោយមាន ប្រមាណជាង៥០០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពត កណ្តាល ស្វាយរៀង និងត្បូងឃ្មុំ៕