(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកមិញ ព្រឹទ្ធសភាបានសម្រេចថា នឹងយកសេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម ទៅពិនិត្យ និងផ្តល់យោបល់ នៅក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៣ របស់ខ្លួន ដែលនឹងធ្វើនៅព្រឹក ថ្ងៃស្អែក។ នេះបើតាមការប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកមិញ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានតំណាងគណៈកម្មាជំនាញនានាចូលរួម។ ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានពិនិត្យ និងយល់ព្រមលើរបាយការណ៍អនុវត្តចំណូល-ចំណាយថវិកាជាតិរបស់ព្រឹទ្ធសភាឆ្នាំ២០១៥ និងគម្រោងប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ២០១៦របស់ព្រឹទ្ធសភាផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលរួមមាន ១៣ជំពូក ៣៩មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយសម្លេង៩៧លើ៩៨រូប។
ច្បាប់នេះគឺជាមូលដ្ឋាននៃការអនុវត្តអភិបាលកិច្ចល្អរបស់អង្គភាពមានសមត្ថកិច្ច ដោយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចមួយរឹងមាំ និងប្រកបដោយ និរន្តរភាព និងតម្លាភាព៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦៖