(ភ្នំពេញ)៖ បរិស្ថានមានអនាម័យជា សោភ័ណ្ឌភាពសម្រាប់សុខភាព ដែលយើងទាំងអស់គ្នាត្រូវគិតដល់ កាលណាបរិស្ថានល្អ អនាម័យស្អាត នោះនាំមកនូវ សុខភាព ប្រសើរដល់ខ្លួនយើងផងដែរ។

បន្ទាប់ពី Fresh News ចុះផ្សាយនូវអត្ថបទមួយ ដែលមានចំណងជើងថា «សំរាមក្លាយជាកូនភ្នំ នៅតាមផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ, ប្រជាពលរដ្ឋរិះគន់ អាជ្ញាធរ និងក្រុមហ៊ុន CINTRI មិនយកចិត្តទុកដាក់» កាលពីពេលថ្មីៗកន្លងមកនេះ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គេឃើញអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយចៅសង្កាត់ចោមចៅ លោក សុទ សាធ មន្រ្តីសាលាសង្កាត់ នាំគ្នាប្រមូលសម្រាមសម្អាត តាមប្រឡាយបង្ហូររំដោះទឹកស្អុយ ជៀសវាង ការកកស្ទះ ។

អាជ្ញាធរទូទាំងសាលាសង្កាត់បាននាំគ្នា ចុះបាប្រមូលសំរាម ដែលមាននៅក្នុងប្រឡាយទឹក អមសងខាងផ្លូវជាតិលេខ៤ ដោយចៅសង្កាត់រូបនោះ បានឱ្យដឹងថា បញ្ហាសម្រាមយើងត្រូវគិតគូរ ព្រោះវាប៉ះពាល់ បរិស្ថាន សោភ័ណ្ឌភាព អនាម័យ ។

លោកចៅសង្កាត់បញ្ជាក់ទៀតថា បញ្ហាសំរាមនេះ ពលរដ្ឋមួយចំនួនខ្វះការយល់ដឹង ក្នុងនោះមួយចំនួនដឹងហើយ តែគិតពីប្រយោជន៍ផ្ទាល់ខ្លួន ទោះជាសំរាមតម្រូវឱ្យមានវេចខ្ចប់ ឱ្យបានត្រឹមត្រូវហើយ ដាក់គប្រមូលផ្តុំនៅមួយកន្លែងដែលកំណត់ ។ ផ្ទូយទៅវិញពលរដ្ឋមួយចំនួនតូច ឆ្លៀតឱកាសពេលយប់ស្ងាត់ យកសំរាមចោលរាយបាយ តាមផ្លូវបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ធ្លាក់ ចូលប្រព័ន្ធលូ ឬប្រឡាយបង្ហូររំដោះទឹក ធ្វើឱ្យស្ទះមុខទឹក ។

លោកចៅសង្កាត់ឲ្យដឹងទៀតថា ដើម្បីរក្សាបាននូវ បរិស្ថានសោភណ្ឌភាព ប្រសើរតាមទីសាធារណៈ តាមមូលដ្ឋាន លុះត្រាណាយើងទាំងអស់គ្នា ផ្តើមចេញពីខ្លួនយើង ចូលរួមសម្អាត ថែរក្សានូវបរិស្ថាន ហើយនៅព្រឹកថ្ងៃនេះផងដែរ អាជ្ញាធរ សង្កាត់ចោមចៅ រួមគ្នាប្រមូល កាយសំរាមនៅតាមប្រឡាយ។ សកម្មភាពបែបនេះ នាំមកនូវ បរិស្ថាន សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ សុខភាព ល្អប្រសើរសម្រាប់ផ្ទាល់ខ្លួន និងភ្ញៀវអន្តរជាតិ ជាពិសេសពលរដ្ឋកម្ពុជា និងរាជធានីភ្នំពេញ៕