(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៦ លោក យ៉ែម បុញ្ញឬទិ ប្រធានគណៈកម្មកម្មការទី៧នៃរដ្ឋសភាបានដឹកនាំប្រតិភូ ចុះសិក្សាស្វែងយល់ពីការងារ លើវិស័យនានា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ នៃរដ្ឋសភា ដោយគ្របដណ្តប់ទៅលើមន្ទីរអប់រំយុវជននិងកីឡា មន្ទីរធម្មការនិងសាសនា មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង។
គណ:ប្រតិភូ បានជួបពិភាក្សាកាងារជាមួយលោក ច័ន្ទ សុផល អភិបាលខេត្ត តំណាងក្រុមប្រឹក្សាខេត្ត មន្រ្តីជំនាញក្នុងសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនានា មួយចំនួនផងដែរ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានរៀបរាប់បញ្ជាក់ពីមានភាពរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តបច្ចុប្បន្ន មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ជូនដល់គណ:កម្មការ។
ប្រធានមន្ទីរពាក់ព័ន្ធនានា ក៏បានរាយការណ៍ជូនអង្គប្រជុំពីលទ្ធផលការងារសម្រេចបានកន្លងមក ដែលទទួលបានលទ្ធផលល្អប្រសើរ និងលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ តែថ្នាក់ដឹកនាំក្រសួង មន្ទីរជំនាញតែងសហការ និងជ្រុំជ្រែងជាមួយអាជ្ញាធរខេត្តខិតខំធ្វើការងារទាំងនេះបានសម្រេចជោគជ័យ។
ប្រធានគណៈប្រតិភូក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានចូលរួមកិច្ចសហការល្អ ក្នុងការការបំពេញភារកិច្ចរបស់គណៈកម្មការទី៧ នៃរដ្ឋសភា បានទទួលលទ្ធផលប្រកបដោយជោគជ័យ ។
បន្ទាប់ពីកិច្ចពិភាក្សាគ្នាបានបញ្ចប់ គណៈប្រតិភូនិងក្រុមការងាររបស់ខេត្តបានអមដំណើរចុះទស្សនកិច្ច និងត្រួតពិនិត្យមើលនៅទីកន្លែងសំខាន់នានា ដូចជា រម្មណីដ្ឋានប្រសាទឯកភ្នំ មជ្ឈមណ្ឌលគុរកោសល្យភូមិភាគបាត់ដំបងនៅពេលរសៀលថ្ងៃដដែលនេះផងដែរ៕