(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានអញ្ជើញប្រកាសសមាសភាពសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចំនួន៧១រូប ដើម្បីឆ្លើយតបនឹងតម្រូវការការពារស្វែងរកយុត្តិធម៌ ដល់កូនក្តីរបស់ខ្លួនដែលជាស្ត្រីក្រីក្រ។
ពិធីប្រកាសសមាសភាពសមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែននេះ បានធ្វើឡើងនៅទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេធាវី លោកស្រីមេធាវីជាអនុប្រធាន និងសមាជិកទាំងចាស់ និងថ្មីចំនួន១៣៨រូប ជាដើម។
សូមជំរាបថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានជួបសម្ភាសន៍ និងសេវាផ្តល់យោបល់ផ្នែកច្បាប់ជូនដល់ស្ត្រីក្រីក្ររងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅតាមបណ្តាខេត្ត-ក្រុង សរុបមានចំនួន១,៩៣២ករណី។
នៅក្នុងឆ្នាំ២០១៩ សំណុំរឿងទាំង១,៩៣២ករណី ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានសម្រេចទទួលយការពារតាមនីតិវិធីច្បាប់ ចំនួន៥២ករណី។ ក្នុងសំណោមសំណុំរឿងទាំង៥២ករណី ក្រុមមេធាវីបានចាត់ការតាមនីតិវិធីច្បាប់ បានចំនួន២៤ករណី។
គោលបំណងចំបង ដែលសម្តេចតេជោសែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចបានគិតគូយ៉ាងល្អិតល្អន់ ក្នុងគោលដៅជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេសដែលត្រូវបានបាត់បង់សិទ្ធិ ពុំមានការការពារតាមផ្លូវច្បាប់ ក្នុងនោះចំពោះទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងជនត្រូវចោទ ដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់៕
ឮ