(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកងកម្លាំងជាច្រើននាក់ ចុះជួយសង្រ្គោះ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកមេបញ្ជាការបានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកមានការបារម្ភយ៉ាងខ្លាំងពីសុខទុក្ខ របស់ប្រជាពលរដ្ឋយើង។
លោកមេបញ្ជាការ សំ តុលា បានបង្គាប់ដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋឱ្យអស់ពីដៃ អស់ពីចិត្ត ដ្បិតពួកគាត់សុទ្ធតែជាជន ដែលត្រូវការជួយសង្រ្គោះពីកងកម្លាំង។
លោកឧត្តមសេនីយ៍ត្រី បានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការ នយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។
ស្ថិតក្នុងកាសនេះដែរ លោកមេបញ្ជាការ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់។
គួរជម្រាបជូនថា ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនេះ ទទួលការជន់លិចស្ទើរ១០០% ខណៈដែលអាជ្ញាធរខេត្ត មូលដ្ឋាន កម្លាំងទាំង៣ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានសហការគ្នាល្អ ក្នុងការចុះជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ ខណៈសកម្មភាពទាំងនេះទទួលបានការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋពេញមួយស្រុកកណ្ដាលស្ទឹងតែម្ដង។
គួរបញ្ជាក់ដែរថា ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ៕