(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៨ឆ្នាំ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។
ពិធីនេះ រៀបចំឡើងដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀត កើតមានដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណ ចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នា ព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែល ជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសម្បូរសប្បាយអមតៈ។
គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៍បាន ៦៧ឆ្នាំហើយ ពីអាណានិគមនិយមបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តាមរយៈការតស៊ូដ៏ស្វិតស្វាញ និងក្លាហានបំផុតក្រោមព្រះរាជ្យកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋ។
ព្រះករុណា ព្រះបរមរតនកោដ្ឋ បានយាងចូលទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយជរាពាធ៕