(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាននថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដែលបានផ្ដល់ ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដូចនេះនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង ក្នុងឱកាសតបតាមការអញ្ជើញរបស់លេខាធិការដ្ឋានរបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu ចូលរួមថ្លែងសុន្ទរកថាតាមវីដេអូ នៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu លើកទី១១ និងសន្និសីទកិច្ចសហប្រតិបត្តិការកំពង់ផែ នៃសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ានឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ខេត្វក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន។
តាមរយៈវីដេអូពីចំងាយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្តទៀតថា វេទិកានិងសន្និសីទកំពង់ផែនេះ គឺជាយន្តការមួយសម្រាប់កសាងនូវបណ្តាញ និងពង្រឹងនូវកិច្ច សហប្រតិបត្តិការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន ដើម្បីទាញយកផលប្រយោជន៍ ពីតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន និងកិច្ចព្រមព្រៀង ទ្វេភាគី។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា នេះមិនមែនជាពេលដែលចោទទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកទេ គឺជាពេលដែលពិភពលោកត្រូវរួបរួមគ្នា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការរាតត្បាតនូវជំងឺកូវីដ១៩ និងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចពិភពលោក និងជៀសវាងឱ្យបាននូវការវិលត្រឡប់ ទៅរកការដាក់នូវរបាំង ឬវិធានការនានា ដែលរិតត្បិតដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិដោយសេរី៕