(កោះកុង)៖ មន្រ្តីជាន់ខ្ពស់អាជ្ញាធរយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវនិងជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ នៅខេត្តកោះកុង បន្តវាយបង្ក្រាបកាន់តែខ្លាំងឡើង លើបទល្មើសគ្រឿងញៀន តាមបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជាមេរោគបំផ្លាញសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ក្រុមយុវជនក្មេងៗ ជំនាន់ក្រោយបើសិនពួកគេបាន លង់ខ្លួនជាមួយបទល្មើសមួយនេះ ។
នៅព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៦ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ដែលមានសមាសភាពចូលរួម មកពីតំណាងក្រសួងជាសមាជិក និង ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកោះកុង ។
នៅក្នុងកិច្ចប្រជុំនេះ លោក កៅ ខុនដារ៉ា បានប្រាប់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំរួមមានៈ
១.ពិនិត្យ ពិភាក្សា និងបូកសរុបវាយតំលៃលទ្ធផលការងារឆ្នាំ២០១៥ ដែលក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ជាតិយើង អនុវត្តបានក្នុងរយៈពេលមួយឆ្នាំ២០១៥ កន្លងមកនិងលើកទិសដៅការងារឆ្មាំ២០១៦។
២.ពិនិត្យ ពិភាក្សា កែសម្រួលបំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍របស់ ក្រុមការងារថ្នាក់ជាតិដែលនឹងត្រូវរាយការណ៍ ជូនរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកបានថ្លែងកោតសសើរដល់សមាជិកក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋដោយស្មោះត្រង់ តាមរយៈការផ្តល់ជូនសេវាសាធាណៈបានយ៉ាងល្អប្រសើរ។
ឆ្នាំ២០១៦នេះលោកបានផ្តាំផ្ញើលើកទឹកចិត្ត ដល់សមាជិកក្រុមការងារត្រូវបន្តខិតខំ ដោះស្រាយបញ្ហាប្រឈមនានាដែលនៅ សេសសល់ មានជាអាទិ៍ពន្លឿនការផ្តល់ បណ្ណ័កម្មសិទ្ធដីធ្លី អត្តសញ្ញាណបណ្ណ័ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាបន្តទៀត ជាពិសេសបទបញ្ជារបស់ រាជរដ្ឋាភិបាលចេញនាពេលថ្មីៗនេះ ពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕