(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងជំរុញឱ្យក្រុមការងារចំពោះកិច្ច ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីវៀតណាម និងភាគីថៃ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ និងអាចអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងច្រកទ្វារព្រំដែន អន្តរជាតិ« បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត និងស្ទឹងបត់-បានណងអៀន» ឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន និងជំរុញឲ្យមានច្រកចេញចូលតែមួយ របស់អាស៊ាន នៅច្រកព្រៃវល្លិ ខេត្តស្វាយរៀង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញដូចនេះនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យសេចក្តីព្រាង សំណើគម្រោងស្ដីពី៖«ការធ្វើឲ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត និងស្ទឹងបត់-បានណងអៀន» ដោយមានការចូលរួមពីថ្នាកដឹកនាំក្រសួង អភិបាលខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តសំណើគម្រោងដើម្បីដាក់ជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភស្តុភារកម្មជាតិ ដែលគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្ដល់ធាតុចូលឱ្យបានច្រើន ដើម្បីធ្វើឱ្យសំណើគម្រោងនេះកាន់តែល្អប្រសើរ និងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបានណែនាំឲ្យក្រុមការងារចំពោះកិច្ចធ្វើការកាត់បន្ថយគម្រោងណាដែលជាន់គ្នា ឬច្របាច់បញ្ចូលគ្នា តែមួយ ហើយរៀបចំគម្រោងទាំងនោះជាកញ្ចក់ៗ និងធ្វើការវាយតម្លៃតាមកញ្ចប់នីមួយៗ។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែរអំពីគម្រោងចាក់កៅស៊ូបេតុង(AC) លើផ្លូវលេខ១៨ ដើម្បីសម្រួលការដឹកជញ្ជូនបំពាក់ស្កេនណឺនៅច្រកទ្វារ ព្រំដែនព្រៃវល្លិ និងចាក់បេតុងនៅតំបន់ ស ផងដែរ៕