(ភ្នំពេញ)៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសម្រេចដម្កល់សាលក្រមរបស់សាលាដំបូងរាជធានីដោយបដិសេធ ចំពោះសំណើសុំទម្លាក់ចោលការចោទប្រកាន់របស់ក្រុមកម្មករជាប់ចោទទាំង១៣នាក់ ពាក់ព័ន្ធនឹងសំណុំបាតុកម្មនៅលើផ្លូវវេងស្រេង។ នេះបើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំនៅសាលាឧទ្ធរណ៍។
ការចេញសាលដីកាបានធ្វើឡើងដោយ ចៅក្រមសាលាឧទ្ធរណ៍ លោក ឆាយ ច័ន្ទតារាវណ្ណ បន្ទាប់ពីមានការប្តឹងជំទាស់របស់កម្មករ១៣នាក់ ដែលស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្រោមហេតុផលថា ពួកគេពុំមានទោសនោះទេ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្ដីកាលពីខែឧសភា ឆ្នាំ២០១៤ អោយអ្នកទាំង ១៣នាក់នោះ មានទោសប៉ុន្តែបានព្យួរទោស។ ក្នុងនោះបុរស ៣នាក់ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី ១ឆ្នាំ ដល់ ៤ឆ្នាំ។ បុរស ១០នាក់ ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៣ឆ្នាំ ទៅ ៤ឆ្នាំ៕