(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៌ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកទូកស្មាច់ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងការកោតសរសើរពីសំណាកនាយឧត្តមសេនីយ៍ គន់ គីម ជូនចំពោះអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តពោធិ៍សាត់ និងបាត់ដំបង រួមទាំងសប្បុរសជននានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ។ កាយវិការនេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដឹកនាំ។
ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បានថ្លែងបន្តថា ទូកស្មាច់ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាការគិតគូររបស់សម្តេចទាំងពីរតាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ដើម្បីជួយដល់ការងារជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាពអោយបានឆាប់រហ័ស និងមានប្រសិទ្ធិភាព។
បន្ទាប់ពីចែកទូកហើយលោកឧត្តមសេនីយ៍ ង៉ែត ចាន់ថុន ក៏បានចូលរួមជាមួយកងកម្លាំងក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងការជន់លិចនៅក្នុងស្រុកមង្គលបុរី និងក្រុងសេរីសោភណផងដែរ៕