(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលានៅពេលមានការជន់លិច។
ការថ្លែងអំពាវនាវរបស់លោក ម៉ែន វិបុល បែបនេះ នៅក្នុងឱកាសដែលលោកដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង។
លោកអភិបាលខេត្ត បានដាក់ចេញវិធានការបន្ថែម ដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង ចាត់ចែងលើកទំនប់នៅផ្លូវក្រវ៉ាត់ក្រុងឲ្យខ្ពស់ថែមមួយកម្រិតទៀត និងរៀបចំបាវខ្សាច់បិទមាត់លូសំខាន់ៗ ជាប់ផ្លូវក្រវាត់ក្រុង និងដាក់ម៉ាស៉ីនបូមរំដោះទឹកនៅតាមគោលដៅសំខាន់ៗ ចេញពីក្នុងក្រុងក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ជាគំហុក ដើម្បីបង្ការផលប៉ះពាល់នានា និងទប់ទឹកកុំឲ្យហូរកាត់ផ្លូវ និងហូរចូលក្រុងដែលអាចបង្កជាជំនន់ ឬមានការជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ។
លោក ម៉ែន វិបុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ ស្ទឹង និងទីកន្លែងនានាដែលមានហានិភ័យខ្ពស់ អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យមានការប្រុងប្រយ័ត្នខ្ពស់ ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហេសជាដាច់ខាត៕