(ភ្នំពេញ)៖ ស្បៀងអាហារសង្គ្រោះបន្ទាន់ មានជាគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១២៨គ្រួសារ រស់នៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
សកម្មភាពមនុស្សធម៌ ដែលអាចហៅបានថា (ចេះជួយគ្នាក្នុងគ្រាអាសន្ន) ខាងលើនេះ ក៏មានការចូលរួមផងដែរ ពីលោកស្រី អនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោក-លោកស្រីអនុប្រធាន គណៈកម្មាធិការអនុសាខាខណ្ឌ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាខណ្ឌ មន្ត្រីអនុសាខា មន្ត្រីសាលាខណ្ឌ យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងអាជ្ញាធរភូមិ-សង្កាត់។
ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះដែរ ក្នុងនាមប្រធានកិត្តិយសអនុសាខាខណ្ឌ លោក ជា ពិសី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ ឬជួបការលំបាកតាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ ដែលដឹកនាំផ្ទាល់ដោយលោក ជា ពិសី ជាមួយសហការីនេះផងដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចទាំងពីរ ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ដោយសារជុំនន់ទឹកភ្លៀង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕