(ស្វាយរៀង)៖ អាងទឹកទន្លេវៃគោខេត្តស្វាយរៀង លើសពីកម្រិតប្រកាសអាសន្នហើយ ដោយកម្រិតទឹកប្រកាសអាសន្នត្រឹម៣.៧០ម៉ែត្រ ឥឡូវទឹកឡើងដល់៣.៨៣ម៉ែត្រ។ ក្រោយឃើញ ស្ថានភាពនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាទៅកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព។
នេះបើយោងតាមការឲ្យដឹងពីលោក ណុប ទូច អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
លោកបានបន្តថា ដោយសារភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ អស់រយៈពេលជាង២សប្តាហ៍ បានធ្វើឲ្យអាងទឹកមួយចំនួន ក្នុងខេត្តស្វាយរៀង មានកម្ពស់ទឹកកម្រិតអតិបរមាខ្ពស់ គួរឲ្យព្រួយបារម្ភ ប្រជាកសិករបានកំពុងធ្វើស្រូវវស្សាជុំវិញអាង ក៏ទទួលរងប៉ះពាល់លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណ ជាង៣០០នាក់ រៀបចំបាវដាក់ខ្សាច់ លើកជាទំនប់សម្រាប់ទប់ទឹក ស្ថិតនៅចំណុចផ្លូវវាងក្រុង ចាប់ពីសង្កាត់ពោធិ៍តាហោ ដល់សង្កាត់គយត្របែក ក្រុងស្វាយរៀង ដើម្បីជាវិធានការបង្កាផលប៉ះពាល់ និងការខូចខាតជាយថាហេតុ ដោយសារជំនន់ទឹកភ្លៀង ដែលអាចកើតឡើងនាពេលខាងមុខប្រសិនបើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត។
ក្នុងនោះ លោកអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានជិះអូប័រពិនិត្យមើលពីស្ថានភាពអាងទឹកទន្លេវ៉ៃគោផងដែរ៕