(បាត់ដំបង)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងជាថៅកែហាងពេជ្រ «ដាណា លក់គ្រឿងអលង្កា» និងលោក ហ៊ីង បញ្ញារិទ្ធ ជាស្វាមី បានបន្តនាំយកអំណោយសរុបជាង១ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
អំណោយដែលលោកស្រី និងស្វាមី យកមកប្រគល់ជូន ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកជួយជនរងគ្រោះ ដោយទឹកជំនន់ នាពេលនេះរួមមាន អង្ករ ចំនួន១០តោន, ត្រីខកំប៉ុង ចំនួន៥០កេសធំ, ទឹកស៊ីអ៊ីវ ចំនួន៥០០យួរ, មី ចំនួន៦០កេសធំ សរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានោះ លោកស្រី និងស្វាមី ក៏បានចូលរួមជាថវិកាមួយចំនួន ដោយបានចែកផ្ទាល់ជូនជនរងគ្រោះតាមផ្ទះ ជាច្រើនគ្រួសារទៀតផងដែរ។
លោកស្រី ទ្រី ដាណា បានលើកឡើងថា នេះជាខេត្តទី២ហើយ ដែលលោកស្រី និងស្វាមី បានយកអំណោយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយលើកទី១ គឺនៅក្នុង ខេត្តពោធិ៍សាត់ គឺអំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិក ហើយលើកទី២នេះ ក្នុងខេត្តបាត់ដំបង អំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិកដូចគ្នា។
លោកស្រីបន្ថែមថា ការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នឹងនៅមានជាបន្តបន្ទាប់ទៀត នៅតាមបណ្តាខេត្ត ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។
អគ្គិនាយិកា ទ្រី ដាណា ក៏បានបង្ហាញក្តីសង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ និងសូមអរគុណ ដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ៕