(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គ្រោះមហន្ដរាយធម្មជាតិដោយទឹកជំនន់ឆ្នាំនេះ បានបណ្ដាលឱ្យជនលិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន នៅតាមតំបន់នៃខេត្ដនីមួយៗ រួមទាំងរាជធានីភ្នំពេញផងដែរ ដែលអាចប្រឈមនឹងបញ្ហាសុខភាព កើតមានឡើងគ្រប់ពេលវេលា បើមិនមានការប្រុងប្រយ័ត្នខ្ពស់។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «ដូច្នេះអំឡុងទឹកជំនន់ មន្ដ្រីសុខាភិបាលរបស់យើង បានធ្វើការងារចល័តរាល់នៅតាមទីទួលមានសុវត្ថិភាព ដែលប្រជាពលរដ្ឋបានជម្លៀសទៅរស់នៅ ដោយយើងបានត្រៀមរួចជាស្រេចនូវឱសថ និងសម្ភារបរិក្ខារពេទ្យ ជាពិសេសថ្នាំបង្ការ និងវ៉ាក់សាំងពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ»។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំក្រុមការងារចុះជួយខណ្ឌសែនសុខ មកផ្ដល់អំណោយ សម្រាលការលំបាកប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ដែលប្រព្រឹត្ដទៅសាលាខណ្ឌដង្កោ។
អំណោយរួមមាន៖ អង្ករ ៥តោន (១០០បាវ), ទឹកសុទ្ធ (៥០កេស), មីជាតិ (៥០កេស) និងថវិកាជូនបុគ្គលិកពេទ្យប្រចាំការចំនួន ៤០នាក់ ក្នុងម្នាក់ៗចំនួន៨ម៉ឺនរៀល និងផ្គត់ផ្គង់ឱសថបន្ថែមទៀត ជាពិសេស ផ្តល់ជូន ក្លរ៉ាមីន ជាថ្នាំដាក់ក្នុងទឹកសម្លាប់មេរោគ។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ទោះបីជាក្រុមការងារក្រសួងសុខាភិបាល មមាញឹកក្នុងការងារទប់ស្កាត់ នឹងជំងឺCOVID-19 ក្ដី ក៏មន្ដ្រីយើងត្រូវឆ្លៀតពេលមកជួយការងាររងគ្រោះទឹកជំនន់ផងដែរ»។
ការងារទាំងអស់កន្លងមកនេះ គឺដោយសារទទួលបាននូវការណែនាំរបស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យរួមសាមគ្គីគ្នា និងជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋ ងាយរងគ្រោះផ្សេងៗ។ ជាក់ស្ដែងបច្ចុប្បន្ននេះ ដោយបញ្ហាទឹកជំនន់ បានបណ្ដាលឱ្យពលរដ្ឋរងផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចនៅក្នុងគ្រួសារផងនោះ ទើបក្រុមការងាររបស់ចុះជួយខណ្ឌសែនសុខ ចុះមកជួយខណ្ឌដង្កោ ដោយសារខណ្ឌនេះ បានរងគ្រោះដោយទឹកជំនន់ខ្លាំងជាងគេ។
ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការពារអំឡុងពេលទឹកជំនន់នេះដូចជា៖
* មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចប្រុតបាក់បែកបង្កឲ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។
* ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។
* ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
* ត្រូវនាំកូនៗរបស់លោកអ្នក ទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវ។
* ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ។
* ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក និងមនុស្សចាស់ជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
* ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឲ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូកមិនត្រូវដាក់ មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។
* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរឧស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអាសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
* ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺរាកមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត
* ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្ខរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មីល្លីក្រាម ពីរគ្រាប់ អាចលាយទឹក ២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឲ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្វះ កាំបិតជ្រុញឲ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
* ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើម៕