(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញវិធានការមួយចំនួន សម្រាប់រោងចក្រ សហគ្រាស និងកម្មករនិយោជិតអនុវត្ត ក្នុងគ្រាដែលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្បុជា កំពុងរងគ្រោះដោយទឹកជំនន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការងារបានបញ្ជាក់ថា៖ ដើម្បីបញ្ចៀសហានិភ័យការងារ និងបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលបណ្ដាលមកពីជំនន់ ទឹកភ្លៀង ក្រសួងសូមណែនាំដល់ម្ចាស់និងនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតនៅតំបន់អាចរងនូវជំនន់ទឹកភ្លៀងដូចខាងក្រោម៖

១៖ សម្រាប់ម្ចាស់ និងនាយករោងចក្រ សហគ្រាស

* ត្រូវតាមដានជាប្រចាំនូវការព្យាករណ៍ឧតុនិយម និងត្រៀមគោលការណ៍ណែនាំអំពីសុវត្ថិភាព និងវិធីសាស្ត្រជម្លៀសខ្លួន នៅពេលមានទឹកលិច

* ត្រូវសហការ និងគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវផ្អាកសង្វាក់ផលិតកម្ម ជាបណ្ដោះអាសន្ន ក្នុងករណីមានទឹកជន់លិចខ្លាំងមិនអាចរក្សាសុវត្ថិភាព

* ត្រូវពិនិត្យមើលប្រព័ន្ធអគ្គិសនី និងត្រូវបិទចរន្តអគ្គិសនីជាបណ្ដោះអាសន្នភ្លាម ក្នុងករណីទឹកហូរ ចូលក្នុងអគារផលិតកម្ម និងបរិវេណរោងចក្រ សហគ្រាស

* ត្រូវយកចិត្តទុកដាក់ខ្ពស់ទីកន្លែង ដែលមានស្តុកទុកសារធាតុគីមី និងត្រូវបិទពុងរក្សាសារធាតុ គីមីឱ្យបានជិតល្អដើម្បីចៀសវាងការលេចធ្លាយប៉ះពាល់ដល់សុខភាពរបស់កម្មករនិយោជិត និងជាពីរ ។

២៖ សម្រាប់កម្មករនិយោជិត

* ត្រូវគោរពតាមការណែនាំ និងចាត់ចែងរបស់និយោជកពាក់ព័ន្ធនឹងវិធានការសុវត្ថិភាព

* ត្រូវចូលរួមសហការជាមួយនិយោជក ក្នុងការបង្ការទប់ស្កាត់ការហូរចូលនៃជំនន់ទឹកភ្លៀងទៅ ក្នុងអគារផលិតកម្ម និងបរិវេណរោងចក្រ សហគ្រាស

* ត្រូវនៅឱ្យឆ្ងាយពីប្រភព ឬខ្សែភ្លើងដែលចម្លងចរន្តអគ្គិសនី។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់និងនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតក្នុងតំបន់អាចរងជំនន់ទឹកភ្លៀងទទាំងអស់នឹងអនុវត្តតាមសេចក្ដីណែនាំ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖