(សៀមរាប)៖ ខណៈដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែនៅក្នុងក្រុងសៀមរាប កំពុងអនុវត្តតាមដំណាក់កាលនោះ ក្រុមការងារដែលចូលរួមអនុវត្តគម្រោងនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្រុងសៀមរាប បានស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការរុះរើសំណង់លើដីចំណីផ្លូវទាំង ៣៨ ខ្សែ។

រឿងនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យរាល់ផលប៉ះពាល់លើផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក លី រស្មី អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារវាស់វែងទាំង ៦ក្រុម និងអាជ្ញាធរក្រុងចៅសង្កាត់ជាច្រើននាក់ទៀត។

តាមសេចក្តីរាយការណ៍លទ្ធផលតាមក្រុមការងារវាស់វែងទាំង៦ ក្រុមបានបញ្ជាក់ថា រាល់បញ្ហាដែលប្រជាពលរដ្ឋមានក្បាលដី និងលំនៅដ្ឋានបានប៉ះពាល់លើផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាប ម្ចាស់លំនៅដ្ឋានមួយចំនួនបានរុះរើ និងមួយចំនួនមិនទាន់បានរុះរើនៅឡើយ ដោយស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ និងម្ចាស់ដី ឬសំណង់នៅក្រៅខេត្ត។

ក្រុមការងារក៏បានលើកអំពីបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានជួបក្នុងពេលចុះអនុវត្តធ្វើការវាស់វែង កំណត់ជើងម៉ែត្រ ដោយមានម្ចាស់សំណង់មួយចំនួន បានធ្វើការបំពានលើគំនូសជើងម៉ែត្រ ដែលធ្វើឱ្យមានបញ្ហាមួយចំនួនជាមួយក្រុមការងារ។

លោក លី រស្មី បានលើកនូវបទពិសោធន៍មួយចំនួនដែលបានអនុវត្តនៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការកំណត់ទំហំផ្លូវនីមួយៗ ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត និងក្រុមការងារវាស់វែងផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាប គឺត្រូវចេះធ្វើការអនុម័តទៅលើរាល់បញ្ហាមួយចំនួនដែលក្រុមនីមួយៗបានអនុវត្ត។

នាឱកាសនោះ លោក ទៀ សីហា បានឯកភាពទៅលើរបាយការណ៍របស់ក្រុមការងារវាស់វែង ដោយបានផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងសំណូលពររបស់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ដើមី្បដាក់ជូនទៅគណៈកម្មការអន្តរក្រសួង ដើមី្បត្រួតពិនិត្យ និងសម្រេច។

លោកអភិបាលខេត្តក៏បានណែនាំដល់ក្រុមការងារវាស់វែង ឱ្យបន្តពិនិត្យជំរុញនូវគម្រោងផែនការជាប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ខណៈខេត្តសៀមរាបជាខេត្តគោលដៅសំខាន់ក្នុងវិស័យទេសចរណ៍ វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលមានប្រាង្គប្រាសាទលី្បល្បាញទៀតផង។

ម៉្យាងទៀត ក្នុងគម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបនេះ ក្រុមការងារទាំងអស់ត្រូវបន្តក្ដាប់ឱ្យបាននូវសតិអារម្មណ៍របស់ប្រជាពលរដ្ឋ និងកិច្ចដំណើរការស្ថាបនាផ្លូវបានជោគជ័យផងដែរ។

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះគម្រោងខ្វះខាតជាងសំណង់ក៏ដោយ ក៏ក្រុមការងារបានខិតខំដើមី្បឱ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រោយពេលបញ្ចប់វិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាចាប់ពី ១០០-១៥០ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក៕