(អេហ្ស៊ីប)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប លោក ឃួន ផុនរតនៈ បានដឹកនាំមន្ត្រីការទូត បុគ្គលិកសេវា និងសិស្សនិស្សិតកម្ពុជានៅទីក្រុងគែរ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៨ឆ្នាំនៃការយាងចូលព្រះទិវង្គត។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ (ពេលវេលានៅអេហ្ស៊ីប) នាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា ការប្រារព្ធពិធីនេះ បានគោរពអនុវត្តតាមវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលអេហ្ស៊ីប បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។
គួរជម្រាបថា វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី៨ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះការបាត់បង់នូវ ព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់ លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។
ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។
ស្នាព្រះហស្ថធំៗ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។
ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ធិ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕