(ប៉ៃលិន)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈលោក គីម វីរៈ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារបរិក្ខារមួយចំនួនសម្រាប់ការងារសង្គ្រោះប្រជាពលរដ្ឋ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន។
សម្ភារបរិក្ខារទាំងនេះមានដូចជាអាវពោងចំនួន ៥០០ និងតង់ចំនួន ៥០០ ដែលប្រគល់បន្ថែមពីលើសម្ភារៈដែលបានប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន នាពេលថ្មីៗកន្លងមក។
ជាមួយគ្នានោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានប្រគល់ជំនួយស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត សម្រាប់ឱ្យអាជ្ញាធរខេត្តប៉ៃលិនបន្តចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះផងដែរ។
លោក គីម វីរៈ បានបញ្ជាក់ថា ឆ្លងតាមការចុះពិនិត្យជាក់ស្តែង និងមានសំណើពីកងកម្លាំង ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ តួយ៉ាងដូចពេលនេះមានទូកជម្លៀសចំនួន ១០ គ្រឿង ឃីតសម្រាប់ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ និងឃីតថវិកាចំនួន ២៥០ ទៀតផងដែរ។ ក្នុងឃីតនីមួយៗមានអង្ករ ១០ គីឡូក្រាម ត្រីខ ១ យួរ និងមី ១ កេស។
លោក គីម វីរៈ បានពាំនាំបទបញ្ជារបស់ទេសរដ្ឋមន្ត្រី គន់ គីម ថាការចែកជំនួយដល់ប្រជាពលរដ្ឋនាពេលនេះ គឺជាការបំពេញបន្ថែមពីលើជំនួយដែលបានពីប្រភពនានាកន្លងមក ដើម្បីដោះស្រាយជាបន្តបន្ទាប់តាមដំណាក់កាលនៃគ្រោះមហន្តរាយ ហើយក៏ជាការសម្របសម្រួល និងបំពេញគ្នាទៅវិញទៅមកឈរលើស្មារតី ផលប្រយោជន៍ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះជាកត្តាស្នូល។
ជាការចាំបាច់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសម្របសម្រួល ក្នុងការចែកជូនស្បៀងជូនប្រជាពលរដ្ឋរងគ្រោះនេះ ជៀសវាងការផ្តល់ជំនួយជាន់គ្នាតាមទីកន្លែង និងអ្នកទទួលផល ដែលនាំឱ្យបាត់បង់ផលប្រយោជន៍របស់អ្នករងគ្រោះផ្សេងទៀតដែលកំពុងត្រូវការជំនួយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល និងមិនអាចជម្លៀសមកទីទួលសុវត្ថិភាពបាន។
ជាមួយគ្នានោះ អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល បានថ្លែងអំណរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់រាល់ពេលមានគ្រោះមហន្តរាយ៕