(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសព លោកស្រីឧកញ៉ាបណ្ឌិត កែវ ម៉ាលី អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅម៉ោង១៖០៧នាទីអាធ្រាត្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។
ក្នុងសាររំលែកទុក្ខ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញក្តីរន្ធត់ក្តុកក្តួលយ៉ាងដូច្នេះថា «មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់ឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើម ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា បានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើប្រជាជន និងសង្គមជាតិកម្ពុជាដោយស្មោះសរ។ ទោះបីរូបកាយ បានឃ្លាតចាកឆ្ងាយទៅមែនពិត ប៉ុន្តែស្នាដៃ សមិទ្ធផលដ៏ច្រើនរាប់មិនអស់របស់ លោកជំទាវ ប្រកបដោយព្រហ្មវិហារធម៌ ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ និងជាថ្នាក់ដឹកនាំគំរូ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ព្រឹទ្ធសភាកម្ពុជា ដែលមិនអាចបំភ្លេចបាន»។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកជំទាវឧកញ៉ាបណ្ឌិត កែវ ម៉ាលី បានទៅសោយសុខក្នុងទីបរមសុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕