(ភ្នំពេញ)៖ នៅថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ១៣ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សពរបស់ មហាឧបាសក គឹម សាខាន់ ដែលត្រូវជាឪពុកបង្កើត លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានក្រុមគ្រួសារសាច់ញាតិដង្ហែយកទៅបញ្ចុះ នៅវត្តកែវម៉ូលី ស្ថិតនៅក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ពិធីដង្ហែសពមហាឧបាសក គឹម សាងាន់ មានការចូលរួមដោយ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា សមាជិកថេរសភាពុទ្ធសាសនាកម្ពុជា, លោកស្រីកត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ សាច់ញាតិជាច្រើន។
មហាឧបាសក គឹម សាងាន់ បានទទួលមរណភាព កាលពីវេលាម៉ោង ១៣៖៣១ នាទីរសៀល ត្រូវនឹងថ្ងៃចន្ទ ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
មកដល់ពេលនេះគម្រប់ ៤ថ្ងៃហើយ ដែលក្រុមគ្រួសារនៃសព និងសាច់សាលោហិតទាំងអស់ បានបំពេញនូវកតញ្ញូកតវេទិតាធម៌ រៀបចំពិធីតម្កល់សព ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសក គឺម សាងាន់ បានស័ក្តិសមតាមទំនៀម ទម្លាប់ប្រពៃណី និងគុណបំណាច់ដែលមហាឧបាសកធ្លាប់បានបម្រើប្រទេសជាតិកន្លងមក ។
ការទទួលមរណភាពរបស់ មហាឧបាសក គឹម សាងាន់ គឺជាការបាត់បង់ បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏កម្ររកបាន ជាមេគ្រួសារគួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ហើយបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន កូនចៅប្រកបដោយគន្លងធម៌។
ការបាត់បង់ មហាឧបាសក គឹម សាងាន់ គឺជាការបាត់បង់នូវ កម្ពុជបុត្រគំរូមួយរូប ដែលក្នុងមួយជីវិតរបស់មហាឧបាសក បានកសាងនូវគុណបំណាច់រាប់មិន អស់ជូនប្រទេសជាតិ និងមាតុភូមិ។
ការទទួលមរណភាពរបស់ មហាឧបាសក គឹម សាងាន់ មានថ្នាក់ដឹកនាំជាតិជាច្រើនបានផ្ញើសាររំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។
ក្នុងនាមតំណាងឱ្យគ្រួសារសព, លោកបណ្ឌិត គឹម សន្តិភាព បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះវត្តមានសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា, ព្រះរាជាគណៈ ព្រះថេរានុថេរៈ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបុណ្យសពឪពុករបស់លោក៕