(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃខួប៨ឆ្នាំនៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

សូមថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ធិ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»