(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដឹកនាំផ្ទាល់ជួយសង្រ្គោះប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីមួយកន្លែងក្បែរតំបន់ទឹកលិច ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ ទូរស័ព្ទសង្រ្គោះបន្ទាន់៖ 012 849 666 / 012 777 666
ខណៈដែលចុះជួយសង្គ្រោះ, លោក ឃួង ស្រេង អភិបាលរាជធានី សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខុសពីតំបន់ដែលកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង ក្រៅពីខណ្ឌដង្កោ សូមកុំបារម្ភ! ដោយឡែកក្នុងខណ្ឌដង្កោ រួមមានសង្កាត់ចំនួន៥ ដែលរងការលិចលង់គឺ៖ សង្កាត់គងនយ សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់សាក់សំពៅ និងសង្កាត់ទៀន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល។
ការអំពាវនាវរបស់លោកអភិបាលធ្វើឡើង ខណៈដែលលោកបានកំពុងដឹកនាំកំលាំងចេញទៅជួយប្រជាពលរដ្ឋដែលក្នុងបុរីមួយកន្លែង និងត្រួតពិនិត្យតាមដងផ្លូវដែលទឹកលិច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
លោក ឃួង ស្រេង សូមឲ្យប្រជាពលរដ្ឋដែលត្រូវការជួយសង្គ្រោះបន្ទាន់ សូមបងប្អូនបន្លឺជាសម្លេង ដូចជាការគោះប៉ោត ធុង ឬវត្ថុអ្វីក៏បានដើម្បីឲ្យក្រុមជួយសង្គ្រោះបានលឺ និងបានចូលទៅជួយទាន់ពេលវេលា។