(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ កាកបាទក្រហមកម្ពុជា បានលើកយកពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងសកម្មភាពចូលរួមរបស់ខ្លួន ក្នុងការចុះផ្សព្វផ្សាយពីស្ថានភាព និងវិធានការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់ពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះរហូតជាង១,៦លានគ្រួសារ។
ក្នុងឱកាស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចំនួន ៩រូប ចូលរួមកិច្ចប្រជុំ បានថ្លែងថា ភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ ដោយមិនមានករណីស្លាប់ និងគ្មានការឆ្លងរាលចូលក្នុងសហគមន៍នេះ ដោយសារកម្ពុជាមានថ្នាក់ដឹកនាំ ដែលមានយុទ្ធសាស្ត្រ និងយន្តការច្បាស់លាស់ ក្នុងការដាក់ចេញវិធានការទប់ស្កាត់ទាន់ពេលវេលា។
លើសពីនោះ មន្ដ្រីភាគីពាក់ព័ន្ធ បានប្តេជ្ញាចិត្ត សហការគ្នាដោយឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពគ្នា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍។ ជាពិសេស អប់រំពលរដ្ឋឱ្យយល់ច្បាស់ពីហានិភ័យនៃជំងឺឆ្លងដ៏សាហាវនេះ និងរួមគ្នាអនុវត្ដវិធានការពាររបស់ក្រសួងសុខាភិបាល និងការវិលត្រលប់មករស់នៅធម្មតា បែបគន្លងថ្មី ត្រូវសម្អាតដៃស្អាតជានិច្ច រក្សាគម្លាតបុគ្គល និងសង្គម ពាក់ម៉ាសពេលចាំបាច់ និងទៅកាន់ទីប្រជុំជនមានមនុស្សច្រើន។
លោកស្រី ពុំ ចន្ទីនី ក៏បានលើកឡើងទៀតថា បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ក៏នៅតែបន្ដសកម្មភាពដ៏សកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដនេះ ដោយចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីគ្រប់គ្រងហានិភ័យនៃការចម្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ ។លោកស្រីបន្ដថា ទោះជាយ៉ាងណា ក្នុងនាមតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសោកស្តាយ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ និងក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ
នេះ ប្រព្រឹត្ដចំនួនពីរថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៖៣០នាទី ដល់ម៉ោង ៤៖៣០នាទី ដែលអញ្ជើញចូលរួមពី លោកស្រី Nguyen Thi Xuan Thu ប្រធានកាកបាទក្រហមវៀតណាម, លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍។
កិច្ចប្រជុំនារសៀលនេះ លោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិ បានថ្លែងនូវការកោតសរសើរចំពោះសមាគមជាតិនៅក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ ដែលបានចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមនៅក្នុងពិភពលោកយើងនេះ។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ ពីយុទ្ធនាការដែលសមាគមជាតិទាំងអស់ បានរួមគ្នាជាសកល ដើម្បីទប់ស្កាត់នឹងជំងឺកូវីដនេះ។
លោកបានបន្ថែមថា នៅលើពិភពលោក មានហេតុការណ៍ជាច្រើនដែលអាចកើតឡើងដោយមិនអាចស្មានដឹងនោះឡើយ ដូចជា ជំងឺកូវីដ១៩ ភ្លើងឆេះព្រៃនៅអូស្ត្រាលី និងការប្រែប្រួលអាកាសធាតុ -ល- ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្ស និងសត្វ រួមទាំងផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចពិភពលោក។
ទន្ទឹមនឹងនេះ លោកក៏បានរំលឹកឡើងវិញ អំពីសន្និសីទអន្តរជាតិលើកទី៣៣ នៃកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដែលសហព័ន្ធអន្តរជាតិ រួមជាមួយសមាគមជាតិ បាននាំគ្នាឯកភាពគ្នាដាក់ចេញនូវទិសស្លោកមួយថា «យើងប្រឹងប្រែងធ្វើនៅក្នុងថ្ងៃនេះ ដើម្បីអនាគតបានល្អប្រសើរ - Act today, shape tomorrow» ហើយដែលកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋាន រួមជាមួយបណ្តាញរបស់សមាគមជាតិ គឺជាប្រតិបត្តិករដ៏សំខាន់បំផុតនៅក្នុងការអនុវត្តការងារនេះ៕