(កំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០, នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែតុលានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នៃមេបញ្ជាការកងទ័ពជើងគោក បានឱ្យដឹងថា ការក្លាយខ្លួនជាយោធាចារ្យ គឺជាជំហានថ្មីមួយទៀតសម្រាប់អាជីពយោធា និងជាភារកិច្ចដ៏សំខាន់មួយដែលត្រូវបំពេញ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការបញ្ចប់វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ បានដោយជោគជ័យ ហើយដែលអាចចាត់ទុកថាជាវគ្គគំរូទីមួយសម្រាប់កងទ័ពជើងគោក ដោយសារវិធីសាស្ត្រ និងនីតិវិធីក្នុងការជ្រើសរើសសម្រិតសម្រាំងសិក្ខាកាមមានលក្ខណៈល្អិតល្អន់ច្បាស់លាស់។
លោកថា នេះគឺជាជោគជ័យដែលកើតឡើងពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមានថ្នាក់ដឹកនាំកងទ័ពជើងគោក គណៈកម្មការពង្រឹងសមត្ថភាពកងទ័ពជើងគោក គណៈគ្រប់គ្រងវគ្គ យោធាចារ្យ និងក្រុមការងារទាំងអស់ ហើយអ្នកដែលទទួលផលពីជោគជ័យនេះ គឺកងទ័ពជើងគោក ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសសិក្ខាកាមផ្ទាល់តែម្តង។
លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានឆ្លើយតបទាំងបរិមាណ និងគុណភាពទៅនឹងតម្រូវការនៃការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានឱ្យក្លាយជាគ្រូលើមុខជំនាញនីមួយៗ ដែលជាធនធានកំពុងខ្វះខាត ដើម្បីបំពេញក្របខ័ណ្ឌដល់បណ្តាសាលាពលទាហានចំណុះយោធភូមិភាគ ស្របតាមផែនការទិសដៅការងារអាទិភាពរបស់កងទ័ពជើងគោកដែលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
សិក្ខាកាមដែលបានបញ្ចប់វគ្គនឹងក្លាយជាយោធាចារ្យ ឬបំពេញភារកិច្ចតាមជំនាញនៅតាមបណ្តាសាលា និងអង្គភាពនានាចំណុះកងទ័ពជើងគោក ដែលថ្ងៃក្រោយនឹងមានឱកាសបណ្តុះបណ្តាលបន្តដល់យោធិនរាប់រយរាប់ពាន់នាក់ផ្សេងទៀត។ អ្វីដែលសំខាន់ គឺវគ្គហ្វឹកហ្វឺននេះបានផ្តល់ដល់សិក្ខាកាមនូវសមត្ថភាពក្នុងការរៀបចំផែនការបណ្តុះបណ្តាល ការដឹកនាំហ្វឹកហ្វឺន ការដឹកនាំធ្វើសមយុទ្ធ ចេះធ្វើមេរៀន ចេះឡើងថ្នាក់ និងមានគរុកោសល្យច្បាស់លាស់ក្នុងការបង្រៀនទាំងនៅក្នុងថ្នាក់ និងនៅលើទីលាន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការក្លាយខ្លួនជាយោធាចារ្យ គឺជាជំហានថ្មីមួយទៀតនៅក្នុងអាជីពយោធា និងជាភារកិច្ចដ៏សំខាន់មួយដែលត្រូវបំពេញ ដោយហេតុថាវាជាការចូលរួមជួយដល់កងទ័ព និងជាតិមាតុភូមិ តាមរយៈការខិតខំនៅក្នុងការបណ្តុះបណ្តាលធនធានសិស្ស។ ម្យ៉ាងទៀត គឺជាការផ្តល់ផលសម្រាប់ខ្លួនឯង ដោយត្រូវខិតខំយកឱកាសនេះដើម្បីបង្កើនសមត្ថភាពខ្លួនឯង បង្កើតស្នាដៃ បង្ហាញសមត្ថភាព និងជំរុញសក្តានុពលរបស់ខ្លួន ដើម្បីជាមូលដ្ឋាននៃការឈានទៅមុខ»។
លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់យោធាចារ្យថា ក្នុងនាមជាថ្នាក់ដឹកនាំ ជាឪពុក ជាអ្នកណែនាំ ជាអ្នកផ្តល់ដំបូន្មាន ពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ឱ្យដល់សិក្ខាកាម ប៉ុន្តែផលជោគជ័យ និងគុណភាពនៃការហ្វឹកហ្វឺន គឺអាស្រ័យលើឆន្ទៈ និងការយកចិត្តទុកដាក់របស់សិក្ខាកាមផ្ទាល់។
ការវិនិយោគពេលវេលារយៈពេលបួនខែនៅក្នុងវគ្គហ្វឹកហ្វឺននេះ គឺដើម្បីបង្កើន និងរំលឹកសមត្ថភាពឡើងវិញ ពីព្រោះថាសមត្ថភាព និងចំណេះដឹងមូលដ្ឋានលើជំនាញយោធាទាំងនេះ សិក្ខាកាមយោធាចារ្យនៅក្នុងវគ្គនេះសុទ្ធតែមានរួចមកហើយ តាមរយៈការឆ្លងកាត់ការបណ្តុះបណ្តាលនៅក្នុងសាលានាយទាហាននាពេលកន្លងមក៕