(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែតុលានេះថា ឥលូវនេះលោកបានបញ្ជាឱ្យក្រុមការងារបិទចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ ២១៧ នៅក្បែររង្វង់មូលកួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ និងប្រជាពលរដ្ឋ ខណៈស្ថានភាពជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវនេះយ៉ាងខ្លាំង។
ការជូនដំណឹងបឋមនេះក៏ជាការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរកាត់កំណាត់ផ្លូវនេះ សូមមេត្តាវាងទៅផ្លូវផ្សេងដោយក្ដីអនុគ្រោះ។
សូមជម្រាបថា នៅយប់ថ្ងៃទី១៤ ខែតុលានេះលោក ឃួង ស្រេង បានចុះទៅពិនិត្យស្ថានភាពទឹកលើផ្លូវ ២១៧ និងស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតផងដែរ ដើម្បីតាមតានដានស្ថានការណ៍ការពារកុំឱ្យពលរដ្ឋរងគ្រោះថ្នាក់ជាយថាហេតុ៕