(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ អមដំណើរដោយរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរទន្លេសាប លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញក្នុងតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណ:កែលម្អបន្ថែមជាមុននឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ។
ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ ។ កម្ពស់ទឹកនេះធៀបនឹងព្រឹកមិញ បានកើនកម្ពស់ទឹក ០,២០ម៉ែត្រ បន្ថែម ដោយសារមានការបើកទ្វារទឹកនៅសំណង់ទ្វារទឹកលាំងជ្រៃ នៃខេត្តកំពង់ស្ពឺ។
សកម្មភាពក្រុមការងារក្រសួងកំពុងអន្តរាគមន៍ រួមមាន៖
- ពិនិត្យ និងតាមដានស្ថានភាពលំហូរទឹកតាមច្រកទ្វារទឹកអាង៧មករា ច្រកទ្វារទឹកទឹកថ្លា ទំនាបផ្លូវជាតិលេខ៣ និងតាមបណ្តោយសណ្តរទំនប់ស្ទឹងព្រែកត្នោត
- បិតភ្ជិតរូងនាគ និងលើកបាវខ្សាច់លើកកម្ពស់ទំនប់នៅសណ្តរផ្នែកខាងជើង ក្នុងសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ
- ដាក់កម្លាំងក្រុមការងារអន្តរាគមន៍ក្រសួងនៅចំនួន ០៤ទីតាំង តាមសណ្តរទំនប់
- លៃតម្រូវកម្ពស់ទ្វារទឹកសំណង់ទ្វារអាងទឹក៧មករា និងសំណង់ទ្វារទឹករលាំងជ្រៃ ដើម្បីសម្រួលបរិមាណលំហូរជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ឲ្យមានតុល្យភាពបន្ថយល្បឿនទឹកហូរបុកខ្លាំង។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ងព្រែកត្នោត និងផ្នែកខាងក្រោម មេត្តាបន្តប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ៕