(កណ្ដាល)៖ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអន្តរាគមន៍ទាញយកសាឡង់មួយគ្រឿង ដែលបានបុកជាប់គឿងស្ពានត្រាញ់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានហើយ។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តកណ្តាល បានរាយការណ៍ថា នៅពេលនេះកម្លាំងនគរបាលបានយកអាអិចមួយគ្រឿងបុកពន្លិចសាឡង់ទៅក្រោមទឹក រួចក៏វាហូរចេញពីក្រោមស្ពានតែម្តង។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃនេះ មានសាឡង់មួយគ្រឿងដាច់ខ្សែមកបុកគឿងជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមសេចក្ដីរាយការណ៍ ករណីបានបង្កឲ្យគល់ស្ពានមានស្នាមប្រេះ តែយ៉ាងណាក៏ដោយគេមិនទាន់ថាតើនរណាជាម្ចាស់សាឡង់ និងត្រូវសងការខូចខាតយ៉ាងណានោះទេ៕