(ពោធិ៍សាត់)៖ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្ពស់ទឹកជំនន់នៅស្ទឹងពោធិ៍សាត់ចាប់ផ្ដើមស្រកចុះវិញបណ្ដើរៗហើយ ខណៈកម្ពស់ទឹកជំនន់នៅស្ទឹងក្រវាញ និងស្ទឹងវាលវែលឯណោះ ក៏បានស្រកចុះច្រើនណាស់ដែរ។ នេះបើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។

តាមការបង្ហាញរបស់លោកប្រធានមន្ទីរបានឱ្យដឹងថា គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃពុធនេះដែរ កម្ពស់ទឹកសឹ្ទងពោធិ៍សាត់បានស្រកចុះមកនៅត្រឹម ៥.០៨ ម៉ែត្រ សឹ្ទងក្រវាញនៅត្រឹម ៣.៤៩ ម៉ែត្រ រីឯនៅស្ទឹងវាលវែងវិញនៅត្រឹមតែ ១.២៦ ម៉ែត្រប៉ុណ្ណោះ។

លោក កែវ វ័យ បានបន្តថា នៅវេលាយប់ ឬនៅថ្ងៃស្អែកនេះ កម្រិតទឹកស្ទឹងទាំងបីខាងលើនឹងបន្តស្រកចុះបន្ថែមទៀត។

ទោះជាយ៉ាងណា អាជ្ញាធរខេត្តពោធិ៍សាត់បានអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះបញ្ហាភ្លៀងធ្លាក់ បញ្ហាទឹកជំនន់ និងទ្រព្យសម្បត្តិ សត្វចិញ្ចឹមរបស់ខ្លួន៕