(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ យុវវ័យ សិស្សានុសិស្សចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ឱ្យបានផុសផុល ខណៈការចាប់ផ្ដើមឡើងវិញនៃការដើរកម្សាន្តក្នុងស្រុក ជាឱកាសស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ពិសេសគឺបានជួយដល់ប្រជាពលរដ្ឋនៅតាមគោលដៅទេសចរណ៍ទាំងនោះ។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាពិភពលោកស្អាត (World Clean up Day) លើកទី៣ និងទិវាទេសចរណ៍ពិភពលោល ឆ្នាំ២០២០ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
លោកស្រីអភិបាលខេត្តបានឱ្យដឹងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាចលករមួយកាន់តែមានប្រសិទ្ធភាព ភាគីពាក់ព័ន្ធទាំងឡាយត្រូវចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះ ពិសេសក្នុងដំណាក់កាលវិបត្តិពីជំងឺកូវីដ-១៩។
លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា ការចាប់ផ្ដើមឡើងវិញនៃការធ្វើដំណើរកម្សាន្តក្នុងស្រុក ដូចជានៅតាមបណ្ដាគោលដៅទេសចរណ៍នានាពេញផ្ទៃប្រទេស ជាឱកាសស្ដារវិស័យសេដ្ឋកិច្ចជាតិឡើងវិញ។
លោកស្រី មិថុនា ភូថង បានដាស់តឿនដល់អាជ្ញាធរពាក់ព័ន្ធនានា ត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្តម្ភយុទ្ធសាស្រ្តមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលត្រូវមានផែនការអភិវឌ្ឍជាក់លាក់ ស្របតាមសក្ដានុពលទេសចរណ៍នៃតំបន់នីមួយៗ។
លោកស្រីថា វាចាំបាច់ណាស់ ដែលត្រូវមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្នុងទម្រង់ភាពជាដៃគូរដ្ឋ ឯកជន និងប្រជាជន ហើយការអភិវឌ្ឍជំនាញ និងការអប់រំ គឺជាគន្លឹះនៃការអភិវឌ្ឍទេសចរណ៍តំបន់ជនបទដ៏សំខាន់ផងដែរ។
លោកស្រីបានបញ្ជាក់ថា រដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំដែលធ្វើឱ្យបណ្ដាខេត្តមួយចំនួនត្រូវបានលិចលង់ដោយសារទឹកជំនន់ ដូច្នេះហើយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុខភាព និងអនាម័យនៅក្នុងគ្រួសារឱ្យបានល្អ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ជាពិសេសប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩៕