(ភ្នំពេញ)៖ បន្ទាប់ពីមានឥទ្ធិពលព្យុះ និងភ្លៀងខ្លាំង ស្ទើរទូទាំងប្រទេសមួយរយៈមក នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ហូរលើខ្នងទំនប់ ទឹកបែកវាល ជនលិចដល់សង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញផងដែរ។
ក្នុងកាលៈទេសៈនេះ ដោយបានទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះដល់ទីតាំងលិចទឹក ដើម្បីចូលរួមសហការជាមួយកម្លាំងចម្រុះជាច្រើនទៀត ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស បានចេញប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក៏ដូចជានាំយកមី ទឹកសុទ្ធ សម្ភារ និងថវិកាមួយចំនួនទៀត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ ផងដែរ៕