(ភ្នំពេញ)៖ «បណ្ណាល័យសម្តេចម៉ែ» គឺជាឃ្លាំងឯកសារប្រវត្តិសាស្ត្រមួយ ដែលមិនអាចកាត់ថ្លៃបាន។ នេះគឺជាខ្លឹមសារ នៃចំណារអនុស្សាវរីយ៍របស់កញ្ញា ហ៊ុល ថុនណាក់ អតីតលេខាស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងម៉ានីល ដែលបានចារនៅលើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ»។
ចំណារដ៏មានខ្លឹមសារនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងទស្សនកិច្ចរបស់កញ្ញា ដើម្បីបង្ហាញអំពីការគាំទ្រចំពោះ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
កញ្ញា ហ៊ុល ថុនណាក់ បានធ្វើចំណារអនុស្សាវរីយ៍ដូចខាងក្រោម៖
ថ្ងៃនេះ ខ្ញុំ ហ៊ុល ថុនណាក់ និងប្អូនប្រុស លឹម ជ័យទត្ត មានសេចក្តីសោមនស្សរីករាយ ដែលលោកពូ ឆាំង យុ និងលោកបណ្ឌិត ហូលីយ៉ូ បានផ្តល់កិត្តិយសឲ្យយើងខ្ញុំទាំងពីររូបមកទស្សនា «បណ្ណាល័យសម្តេចម៉ែ» ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ។
«បណ្ណាល័យសម្តេចម៉ែ» គឺជាឃ្លាំងឯកសារប្រវត្តិសាស្ត្រមួយ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់កុលបុត្រ កុលធីតា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសមន្ត្រីការទូតវ័យក្មេងដូចជាយើងខ្ញុំ។ ខ្ញុំជឿជាក់ថា បណ្ណាល័យនេះ នឹងបម្រើផលប្រយោជន៍ជាតិ និងអន្តរជាតិក្នុងការស្វែងយល់ពីឫសគល់នៃសង្គ្រាម និងសន្តិភាព ដែលប្រទេសតូចដូចកម្ពុជាបានឆ្លងកាត់យ៉ាងលំបាក រហូតទទួលបានសន្តិភាពពេញលេញ រហូតដល់មានពេលប្រមូលឯកសារមកពីគ្រប់ទីកន្លែង មកតម្កល់ក្នុងទីនេះ។
លើសពីនេះទៅទៀត ការរៀបចំបណ្ណាល័យដ៏មានសោភ័ណភាពនេះ បានមកពីការចំណាយគំនិតយ៉ាងដិតដល់របស់លោកពូ ឆាំង យុ ហាក់ប្រកបដោយអារម្មណ៍ជ្រះថ្លាពេលចូលមកដល់ ពេលចូលមកអាន និងមកពិភាក្សាគ្នា។ វាឆ្លុះបញ្ចាំងពីគំនិតឆ្នៃប្រឌិតលក្ខណៈបុរាណ និងសម័យទំនើបបញ្ចូលគ្នា ដែលអាចនិយាយថា «ខ្ញុំស្រឡាញ់ទីនេះ»។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់លោកពូ ដែលទទួលស្វាគមន៍យើងខ្ញុំ និងសូមប្រសិទ្ធិពរជ័យដល់លោកពូ និងលោកបណ្ឌិត សូមសមប្រកបតែសុខភាពល្អ និងជោគជ័យរាល់ភារកិច្ចទាំងបច្ចុប្បន្ន និងអនាគត។ ពីក្មួយ ថុនណាក់។
គួររំឭកថា នេះគឺជាលើកទី២ ដែលលោក ឆាំង យុ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍ភ្ញៀវកិត្តិយស ពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។ ទស្សនកិច្ចលើកទី១ គឺជាការអញ្ជើញមកដល់របស់ស្រ្តីតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១២រូប ក្រោមកិច្ចផ្តួចផ្តើមរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
នៅក្នុងអំឡុងពេលទស្សនកិច្ចប្រតិភូកិត្តិយស ទទួលជ្រាបអំពីព័ត៌មានលម្អិតស្តីពីពិព័រណ៍ព្រះឆាយាល័ក្ខណ៍ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះរាជវង្សានុវង្ស រៀបរាប់ដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ។
ប្រតិភូក៏បានទស្សនាបណ្ណាល័យដែលមានផ្ទុកឯកសារសៀវភៅរាប់ពាន់ក្បាល, ឯកសាររាប់សែនសន្លឹក, រូបថត, ឯកសារសោតទស្សន៍ និងបណ្ណសារឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជាពិសេសយល់ដឹងអំពីអត្ថន័យនៃប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត។ ប្រតិភូកិត្តិយស ថែមទាំងបានស្គាល់អំពីទីតាំងស្រាវជ្រាវ ,និងមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហម នៅតាមបណ្តាខេត្តទាំង១០ បង្ហាញដោយលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជាថែមទៀតផង។
ថ្វីត្បិតតែនាពេលបច្ចុប្បន្ន ស្រ្តីជាច្រើនបានចូលរួមនៅក្នុងមុខតំណែងសង្គម និងក្នុងវិស័យនានាជាច្រើនក្តី ស្ត្រីនៅតែពើបប្រទះនឹងបញ្ហាប្រឈមមួយចំនួន នៅក្នុងមុខងាររបស់ខ្លួន។
ក្នុងនាមជាស្ត្រីមួយរូបដែលបម្រើការនៅក្នុងវិស័យការទូតផ្ទាល់ កញ្ញា ថុនណាក់ បានចែករំលែកថា៖ «មានបញ្ហាមួយចំនួនដែលមន្ត្រីការទូតជាស្ត្រីងាយប្រឈម ក្នុងនោះរួមមាន ចំណេះដឹងផ្នែកការទូតព្រោះថាតួនាទីទាំងនេះហាក់នៅថ្មីសម្រាប់ស្ត្រី, បន្ទុកក្នុងគ្រួសារ ដែលជាហេតុបណ្តាលឲ្យស្រ្តី មានផលពិបាកច្រើនពេលទៅធ្វើការនៅក្រៅប្រទេស ឃ្លាតឆ្ងាយពីក្រុមគ្រួសារ, និងនៅលើឆាកអន្តរជាតិ ស្រ្តីទទួលរងនូវការរើសអើង ដោយសារតែផ្នត់គំនិតនៅក្នុងសង្គមតែងតែប្រកាន់ថា មានតែមនុស្សប្រុសទើបអាចដឹកនាំប្រទេសបាន»៕