(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទី ព្រឹទ្ធសភា និងក្រុមគ្រួសារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកស្រី កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅម៉ោង១៖០៧នាទីអាធ្រាត្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយជរាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។
នៅក្នុងសាររំលែកទុក្ខរបស់កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានបង្ហាញក្តីរន្ធត់ក្តុកក្តួលយ៉ាងដូច្នេះថា៖ «មរណភាពរបស់លោកជំទាវ កែវ ម៉ាលី គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូនប្រកបដោយសង្ហធម៌ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងការបាត់បង់អ្នកសេ្នហាជាតិ១រូប ដែលចូលរួមបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវ បានបំពេញការងារយ៉ាងសកម្ម និងមានស្នាដៃបម្រើជូនស្ថាប័នព្រឹទ្ធសភា ដើម្បីចូលរួមចំណែកដំណើរការកសាងកម្ពុជាជានីតិរដ្ឋ»។
កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃ តាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រិ កែវ ម៉ាលី បានទៅសោយសុខក្នុងសុគតិភពជានិច្ចរៀងទៅ៕