(បន្ទាយមានជ័យ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់មន្ត្រីព័ត៌មាន មិនត្រូវផ្តោតតែលើការសរសេរព័ត៌មាន បែបពិធីការឡើយ គឺត្រូវយកគ្រប់ព័ត៌មានស្តីពីបញ្ហាប្រឈមរបស់ពលរដ្ឋ និងព្រឹត្តការណ៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយជាសារ ជូនដំណឹងពីពលរដ្ឋទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋ។
លោកជំរុញបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ព្រមទាំងបានចុះពិនិត្យដំណើរការនៃការផ្សាយរបស់ ស្ថានីយទូរទស្សន៍ជាតិ កម្ពុជាខេត្ត (ទទកបជ) និងដំណើរការនៃការផ្សាយតាមរលកធាតុអាកាស វិទ្យុជាតិ ៩៤មេហ្កាហឺតខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជំរុញណែនាំដល់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងត្រូវពង្រឹងបន្ថែមលើកិច្ចការងារផ្សព្វផ្សាយពីដំណឹង ឬព្រឹត្តការណ៍ទាន់ហេតុការផ្សេងៗ ឲ្យបានលឿនតាមរយៈប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុ ជាសារនាំដំណឹង ព្រឹត្តការណ៍ផ្សេងៗឲ្យប្រពលរដ្ឋបានដឹង។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចុះយកព័ត៌មានរបស់មន្ត្រី មិនត្រូវផ្តោតទៅលើតែព័ត៌មានពិធីការ តែមួយមុខនោះទេ គឺត្រូវយកគ្រប់ព័ត៌មានស្តីពី បញ្ហាប្រឈមរបស់ពលរដ្ឋ ព្រឹត្តការណ៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយជាសារជូនដំណឹងពីពលរដ្ឋទៅថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋ»។
លោកបន្តថា «មន្ត្រីចុះយកព័ត៌មាន មិនត្រូវតាំងខ្លួនជាអ្នកកាត់សេចក្តីលើរឿងរាវអ្វីមួយនោះឡើយ ទុកឲ្យសមត្ថកិច្ចពាក់ព័ន្ធជាអ្នកដោះស្រាយ។ ត្រូវចាំថាយើងជាអ្នកព័ត៌មាន គឺជាអ្នកនាំពាក្យតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវតែប្រកាន់ភ្ជាប់ឲ្យបាននូវក្រមសិលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដូចដែលសម្តេចតេជោ បានដាក់ចេញទិសស្លោកថា ធ្វើជាអ្នកសារព័ត៌មាន «កុំបំពានសិទ្ធអ្នកដ៏ទៃ កុំបំភ្លៃការពិត» ត្រូវតែប្រកាន់ភ្ជាប់ឲ្យបានល្អ»។
មួយវិញទៀតលោករដ្ឋមន្ត្រី ក៏បានជំរុញបន្ថែមដល់មន្ទីរព័ត៌មាន ត្រូវរួមគ្នាលុបបំបាត់ ឆ្លើយតបទាក់ទិនទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីធ្វើការបកស្រាយឲ្យបានទាន់ពេលវេលាផងដែរ៕