(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងព្យាបាលជំងឺកូវីដ១៩ បែបលក្ខណៈ VIP សម្រាប់មន្ដ្រីការទូត និងភ្ញៀវពិសេសជាដើម ទាំងជាតិ និងអន្ដរជាតិ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ដើម្បីផ្ដល់ភាពទំនើប និងងាយស្រួលសម្រាប់ការព្យាបាលជំងឺកូវីដ១៩ បែបលក្ខណៈពិសេស ឬ VIP ជូនដល់អ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជា ជាពិសេសមន្ដ្រីការទូត ក្រសួងបានរៀបចំអគារព្យាបាលជំងឺកូវីដ១៩ ចំនួន២ទីតាំង ដែលមាននៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលមានបន្ទប់ធំទូលាយ សម្រាកព្យាបាលដាច់ដោយឡែក និងជាលក្ខណៈគ្រួសារ។
រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់បន្ថែមថា «បន្ទប់ព្យាបាលជំងឺកូវីដ១៩ VIP និងបន្ទប់សម្រាកព្យាបាលជំងឺកូវីដ១៩ទូទៅ គឺខុសប្លែកតែបន្ទប់ ជាលក្ខណៈដាច់ដោយឡែក និងគ្រួសារតែប៉ុណ្ណោះ ក្រៅពីនោះទាំងសេវា ថ្នាំព្យាបាល រួមទាំងការយកចិត្ដទុកដាក់ដូចគ្នាទាំងអស់។ ការបង្កើតបន្ទប់ពិសេសនេះ គឺដើម្បីជាការសម្រួលដល់មន្ដ្រីការទូត អង្គការសហប្រជាជាតិ ធុរកិច្ច ឬអ្នកដំណើរដែលមានជីវភាពធូរធារ ហើយចង់បានបន្ទប់ដាក់ដោយឡែក»។
លើសពីនោះ ដើម្បីកុំឱ្យជំងឺដ៏សាហាវមួយនេះ ឆ្លងចូលសហគមន៍ មន្ដ្រីសុខាភិបាល ក៏នៅតែបន្ដអប់រំប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ពីវិធានការពារ ពីជំងឺកូវីដ១៩ និងពង្រឹងវិធានការចត្ដាឡីស័ក ទាំងនៅមណ្ឌល និងនៅតាមផ្ទះរបស់ពលរដ្ឋផងដែរ។
ជាងនេះទៅទៀត គឺការទប់ស្កាត់ចំពោះអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា គឺធ្វើយ៉ាងម៉េច គឺត្រូវធ្វើតេស្ដជូនគាត់ មិនឱ្យរំលងនរណាម្នាក់ឡើយ បើពិនិត្យឃើញមានជំងឺកូវីដ១៩ យកគាត់មកព្យាបាលភ្លាមៗ និងស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលមកធ្វើតេស្ដ ដោយមិនឱ្យទៅចម្លងដល់ពលរដ្ឋយើង នៅក្នុងសហគមន៍នោះទេ។
លើសពីនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋ សូមកុំភ្លេចជំងឺកូវីដ១៩ ត្រូវតែបន្ដការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ ព្រោះវានៅតែបន្ដចរាចរណ៍នៅលើសកលលោកនៅឡើយទេ ហើយហានិភ័យចម្លងនៅតែមានខ្ពស់។ ដូច្នេះ សូមប្រជាពលរដ្ឋ បន្ដប្រកាន់ខ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល ការអនាម័យដៃស្អាត រក្សាគម្លាតបុគ្គល និងសង្គម ត្រូវពាក់ម៉ាស ជាពិសេសពេលទៅកាន់ទីប្រជុំជនមានមនុស្សច្រើន បើមានករណីសង្ស័យ អាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រសួងសុខាភិបាល ឬរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិឃុំរបស់ខ្លួន៕