(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៤ខេត្តទៀត ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ខេត្តទាំង៤ ដែលត្រូវផ្តល់ថវិកានោះ រួមមាន៖ ខេត្តព្រះសីហនុ ស្ទឹងត្រែង កំពង់ស្ពឺ និងកំពង់ធំ ហើយក្នុង១ខេត្តៗ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចឧបត្ថម្ភចំនួន ៥ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាដល់រាជធានី-ខេត្តចំនួន៥ ក្នុងមួយរាជធានី-ខេត្តចំនួន ១០ម៉ឺនដុល្លារអាមេរិក តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៥ ដែលនឹងត្រូវទទួលបានថវិកា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនោះ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕