(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា ដែលទើបនឹងតែងតាំងថ្មី នឹងជួយជំរុញពង្រីកទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជំរុញអ្នកវិនិយោគិនរុស្ស៉ី មកពិនិត្យមើលកាលានុវត្តភាពវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោក Anatoly BOROVIK អគ្គរដ្ឋទូតរុស្ស៉ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
សម្តេចវិបុលសេនាភក្តី បានអរសាទរចំពោះសហព័ន្ធរុស្ស៉ី ដែលសម្រេចបាននូវការបង្កើតវ៉ាក់សាំងកូវីដ-១៩ ដែលជាទីសង្ឃឹមរបស់ប្រជាជន នៃសហព័ន្ធរុស្ស៉ី ក៏ដូចប្រជាជាតិនៅលើពិភពលោក។
បន្ថែមពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៉ីនាពេលកន្លងទៅ ឃើញថាមានទំនាក់ទំនងយ៉ាងល្អ និងកិច្ចសហប្រតិប្តតិការយ៉ាងជិតស្និតជាមួយគ្នា។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៉ី នាពេលកន្លងទៅ ឃើញថាមានទំនាក់ទំនងយ៉ាងល្អ និងកិច្ចសហប្រតិប្តតិការយ៉ាងជិតស្និតជាមួយគ្នា។
លោកអគ្គរដ្ឋទូតរុស្ស៉ី បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបគម្រប់២៥ឆ្នាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៉ី និងព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំក្រោយ គឺជាខួបគម្រប់ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី។
លោក Anatoly BOROVIK បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីអំពី ការរកឃើញនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ វ៉ាក់សាំងនេះមិនគ្រាន់តែឱសថសម្រាប់ព្យាបាលប្រជាជនរុស្ស៉ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱសថសម្រាប់ព្យាបាលមនុស្សជាតិនៅលើពិភពលោកទាំងមូលផងដែរ។ បើទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនង់រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លោកបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៉ី នឹងអាចអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលវេលាសមស្របណាមួយ។
ឯកអគ្គរដ្ឋទូតបានរំលឹកអំពីអនុស្សារណៈនៃការយោគយល់រវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ដែលនឹងត្រូវបញ្ចប់នាខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ ជាមួយគ្នានេះ លោកបានគោរពស្នើសុំសម្តេចវិបុលសេនាភក្តី បន្តអនុវត្តអនុស្សារណៈយោគយល់គ្នានេះបន្តទៅមុខទៀតសម្រាប់ពេលខាងមុខ។
បន្ថែមពីនេះឯកអគ្គរដ្ឋទូតថ្មីរុស្ស៉ី សង្ឃឹមថានាពេលខាងមុខនេះនឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងលោកស្រីប្រធានគណៈកម្មការកិច្ចការអន្តរជាតិ និងអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិនៃសភាជាន់ខ្ពស់ប្រទេសទាំងពីរ ព្រមទាំងការបណ្តុះបណ្តាលមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាខាងវិស័យការទូតសភាផងដែរ។
សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកថា ទំនាក់ទំនងនៃប្រទេសកម្ពុជា និងប្រទេសរុស្ស៉ី (ជាអតីតសហភាពសូរៀត) បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៦។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងការទូតនេះមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះ គឺជាខួបគម្រប់ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងការស្តា និងកសាងប្រទេស តាមរយៈការផ្តល់ជំនួយក្នុងរូបភាពនានាស្ទើរគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍធន-ធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជាប្រមាណ ៨,០០០នាក់ ទៅសិក្សានៅប្រទេសរុស្ស៉ី ហើយនិស្សិតដែលបានរៀននាសម័យនោះ មួយចំនួនបានក្លាយទៅជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។
សម្តេចវិបុលសេនាភក្តីបានបញ្ជាក់ថា ប្រទេសកម្ពុជាបានរក្សានូវមរតកនៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានរហូតដល់ពេលបច្ចុប្បន្ននេះ មានជាអាទិ៍ មហាវិថីសហព័ន្ធរស្ស៉ី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្នកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយព្យាបាលអ្នកដែលមានជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៉ី ចំពោះការផ្តល់ជំនួយឧបករណ៍សម្តារផ្នែកវេជ្ជសាស្រ្តសម្រាប់ការព្យាបាល បង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ដល់កម្ពុជា។
សម្តចវិបុលសេនាភក្តី បានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងការបន្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបតិ្តការក្នុងវិស័យនានាបន្តទៀត។ ក្នុងនោះដែរ នៅពេលជំងឺកូវីដ១៩ត្រូវបានផុតរលត់ថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ីនៅពេលវេលាសមស្របណាមួយ។ សម្តេចមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៉ី ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនរុស្ស៉ីទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូត និងស្ថានទូតសហព័ន្ធរុស្ស៉ី ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។
តាមរយៈឯកអគ្គរដ្ឋទូត សម្តេចបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងមហាភាតរភាពពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃសហព័ន្ធរុស្ស៉ីផងដែរ៕